មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រព្រឹត្ត​អំពើពុករលួយ​ ,​ តំណាង​អយ្យការ​ ស្នើ​ចៅក្រម​ផ្តន្ទា​ទោស​តាម​ច្បាប់​

ភ្នំពេញ​៖ជនជាប់ចោទ​ពីរ​នាក់​ជា​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ ខាំ​ សុផារី​ ជា​តំណាង​អយ្យការ​ នា​ពេល​សវនាការ​ សន្និដ្ឋាន​ថា​ ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​​អំពើពុករលួយ​ប្រាកដ​មែន​ សូម​ឱ្យ​ចៅក្រម​សម្រេច​តាម​ច្បាប់​ ។

ក្រោយ​បញ្ចប់​សវនាការ​នៅ​ល្ងាច​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នេះ​ លោក​ចៅក្រម​ លាង​ សំណាត់​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ពោលគឺ​ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​វិញ​ ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ពីរ​រូប​មាន​ឈ្មោះ​ ឯម​ កុសល​ និង​ ឈ្មោះ​ ហ៊ុយ​ ហឿន​ ជាប់​ចោទ​ពី​បទ​”​វិតិក្រម​ តាម​មាត្រា​៥៩២​ និង​ មាត្រា​៥៩៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ មាត្រា​៣២​ ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ​ ។

នា​ពេល​សវនាការ​ ជនជាប់ចោទ​ ឈ្មោះ​ ឯម​ កុសល បដិសេធ​ថា​ ខ្លួន​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ សូម​ឱ្យ​តុលាការ​រក​យុត្តិធម៌​ ។

ចំណែក​ ឈ្មោះ ហ៊ុយ ហឿន សារភាពថាខ្លួនពិតជាបានទៅទារលុយតាមទីកន្លែងចំនួន៣០កន្លែងពិតមែនហើយមួយកន្លែងចាប់ពី៣០ដុល្លារ៥០ដុល្លារដល់១០០ដុល្លារ​ ហើយធ្លាប់បានចុះតាមខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ និងខេត្តកណ្តាល​ ដោយ​សរុបក្នុងមួយខែប្រមូលបានលុយ២០០០ដុល្លារដល់៣០០០ដុល្លារ ហើយទារបាន​រយៈ​ពេល៦ខែមកហើយ។​ ចំណែកឈ្មោះ ឯម​ កុសល គឺបានចុះទៅជាមួយដែរ​ពេលធ្វើការតែរឿងបានផលប្រយោជន៍គេមិនបានដឹងទេ។

អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចេញសេចក្តីប្រកាសមួយស្តីពីការឃាត់ខ្លួនលោក ហ៊ុយ ហឿន នាយ​រង​ផ្នែក​សិទ្ធិអ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​ ការិយាល័យ​កម្មសិទ្ធិបញ្ញា​ (ក៣) នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​ក្រសួង​មហាផ្ទៃ បានដើរទារប្រាក់ពីក្រុមហ៊ុន សហគ្រាស បុគ្គលឯកជនផ្សេងៗនៅរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីប្រកាសរបស់ ACU បានឲ្យដឹងដែរថា ឈ្មោះ ឯម កុសល ឋានន្តរសក្តិវរសេនីយ៍ទោ មន្រ្តីនគរបាលប្រឆាំង​បទល្មើស ក៏បានចូលរួមក្នុងសកម្មភាពទារប្រាក់នេះផងដែរ៕

ដោយ៖ ចេស្តា

 

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print