រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ ពេញអង្គប្រកាស ផ្តល់សុពលភាពដល់ អ្នកតំណាងរាស្ត្រ ចំនួន១៦រូប និងសមាជិកគ ណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប)ថ្មី៣រូបជាស្ថាពរ។

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ ពេញអង្គប្រកាស ផ្តល់សុពលភាពដល់ អ្នកតំណាងរាស្ត្រ ចំនួន១៦រូប និងសមាជិកគ ណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប)ថ្មី៣រូបជាស្ថាពរ។

សម័យប្រជុំរដ្ឋសភាធ្វើឡើង នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសមាជិក សភាសរុប១០៤រូប។

សម្ដេចហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសសុពលភាពនៃអាណត្តិ របស់សមាជិកថ្មីនៃរដ្ឋសភា នីតិកាលទី៥ ចំនួន ១៦រូបមានដូចជា៖
១- លោក សៀង ស៊ុតថងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង
២-លោក អ៊ី សំអុល ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម
៣- លោក ម៉ា ឈឿនជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម
៤- លោកស្រី ខុង ស៊ុនអេង ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម
៥- លោក សុក ប៊ន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ
៦-លោក វ៉ាន សំអឿន ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល
៧- លោក គោស៊ុ សារឿត ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល
៨- លោក អ៊ុក ដាមរី ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល
៩- លោក ដុំ យុហៀនជាតំណាងរាស្រ្តមណ្ឌលខេត្តកោះកុង
១០- លោក ជៀប ស៊ីវន ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ
១១- លោក ពេជ្រ គឹមស៊្រាងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ
១២- លោក លី ឆេង ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ
១៣- លោកឡុង ប៊ុន្នីជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
១៤- លោក មុំម ស៊ីបុនជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
១៥- លោក ពៅ សាមីជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
១៦- លោក ប៉ោ ប៊ុនស្រ៊ឺ ជាតំណាងរាស្រ្តមណ្ដ លខេត្តកំពង់ឆ្នាំង

បន្ទាប់មកអង្គសភាបានបោះឆ្នោតផ្ដល់ សេចក្ដីទុកចិត្តបេក្ខជនអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ដែលមាន ១- លោក នុត សុខុម ជាអនុប្រធាន ២- លោក ឌឹម សុវណ្ណារ៉ុម ជាសមាជិក និង៣- លោក ហ៊ែល សារ៉ាត់ ជាសមាជិក ដោយទទួលបាន សំឡេងព្រម ចំនួន ១០៤សំឡេង។

លោកនុត សុខុម ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជាអនុប្រធានគ.ជ.ប.បានបញ្ជាក់ជំហរថា “ខ្ញុំនឹងខិតខំប្រឹងប្រែង បំពេញភារកិច្ចនៅក្នុងស្ថាប័ន ដ៏មានសារៈសំខាន់ នេះដើម្បី ជាឧត្តមប្រយោជន៍ ជូនជាតិនិងប្រជារាស្ត្រ ។ ហើយចុងក្រោយ សួមជូនពរ ប្រជាជាតិ និងប្រជារាស្ត្រទទួលបានជោគជ័យ»។

ជាមួយគ្នានោះដែរ លោកនុត សុខុមក៏បានឆ្លើយតបនូវមតិមួយចំនួនថាសមាជិកគ.ជ. បថ្មី នឹងមិនមានតម្លាភាព ដោយលោកបញ្ជាក់ថា” ខ្ញុំនឹងធ្វើការតស៊ូ យើងយល់ទេ គឺជាការពិបាក ហើយយកជីវិតទៅប្តូរ ដូច្នេះ ខ្ញុំធ្វើតាមសតិ​សម្បជញ្ញៈរបស់ខ្ញុំជូនជនរួមជាតិ។ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងឯករាជ្យ”។

ចំណែកលោកឌឹម សុវណ្ណរុំ ដែលត្រូវបាន រដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជាសមាជិកគ.ជ.បថ្មីក៏ មានការប្ដេជ្ញាស្រដៀងលោកនុត សុខុម អនុប្រធានគ.ជ.ប ដែរ។លោកអរគុណដែលរដ្ឋសភាបាន បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលជាបេក្ខជនសេរី តាមនីតិវិធីរបស់អគ្គលេខាធិការរដ្ឋសភា ឲ្យទៅបំរើការងារនៅគ.ជ.ប. ។

លោកក៏បានឆ្លើយតបនឹងការលើកឡើងរបស់មតិមួយចំនួនដែលចោទលោកជាបេក្ខភាពមកពីគណបក្សកាន់អំណាចថា« នៅកម្ពុជាមាន សេរីបញ្ចេញមតិទូលំទូលាយ ហើយខ្ញុំ បានជ្រើសរើសទៅតាម នីតិវិធី និងច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគ.ជ.ប. ។ ខ្ញុំត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រៀបដូចជាខ្ញុំប្រឡងជាប់អីចឹង ។ អីចឹងអ្នកណាគេនិយាយអ្វី ឲ្យគេនិយាយចុះ ប៉ុន្តែការពិត គឺនៅតែជាការពិត។ខ្ញុំមានបទបិសោធន៍ ការងារច្រើនហើយខ្ញុំបានធ្វើការងារ ក្នុងសង្គមច្រើនណាស់តាំងពី ឆ្នាំ១៩៩៥រហូតមកដល់ពេលនេះ»។

ទាក់ទិននឹងតួនាទីជាសមាជិកគ.ជ.ប.លោកឌឹម សុវណ្ណរុំ ក៏បានគូសបញ្ជាក់ថា លោកបានត្រៀមរួចរាល់ហើយ ក្នុងការបំរើការងារនៅគ.ជ.ប. ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា«ខ្ញុំបានត្រៀមខ្លួនរួចហើយដើម្បីធ្វើជា បុគ្គលមួយដែលគេហើយថា មានអាព្យាក្រឹត្យ ឬសមាជិកថ្មីគ.ជ.ប. ហើយអ្នកណាទៅអ្នកមកនោះមិន មែនសំខាន់នោះទេ ។ សំខាន់នោះច្បាប់បាន ចែង និងរៀបចំយ៉ាងច្បាស់លាស់ហើយ »។

លោកឌឹមសុវណ្ណរុំដែលធ្លាប់ជាអ្នក នាំពាក្យសាលាក្តីខ្មែរក្រហមក៏ បានលើកឡើងថា ទោះបីជាសមាជិកគ.ជ.ប. ចាស់លាលែង តំណែង ហើយសមាជិកគ.ជ.ប.ថ្មីចូលកាន់ដំណែង នោះវាមិនប៉ះពាល់អ្វីនោះទេ ព្រោះថាច្បាប់ ស្តីពីការប្រព្រឹត្តទៅនៃគ.ជ.ប. បានចែងរួចហើយ និងជាស្ថាប័នមួយរឹងមាំរួចហើយ។ បើតាមលោក ឌឹម សុវណ្ណរុំ បានឲ្យដឹងថាសមាជិកគ.ជ.ប. ថ្មីនឹងចូលបំរើ ការងារ នៅក្រោយពេលដែលរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តរួច ហើយត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជា ស្ថាពរ សិនរួចហើយអគ្គលេខាធិកាដ្ឋាន រដ្ឋសភារៀបចំការស្បថ នៅព្រះបរមរាជវាំង អាចក្នុងអំឡុងពេលមួយសប្តាហ៍។

ចំពោះអ្នកតំណាងរាស្ត្រចំនួន១៦រូប ក្រោយពីរដ្ឋសភាពប្រកាសសុពលភាព រួចនៅថ្ងៃទី៧វេលាម៉ោង១០ ព្រឹកក៏បានចូលទៅស្បថ នៅព្រះបរមរាជវាំងផងដែរ។

សូមជម្រាបការការប្រកាសសុពលភាព អ្នកតំណាងរាស្ត្រថ្មីនិងការបោះឆ្នោតផ្តល់ សេចក្តីទុកដល់សមាជិកគ.ជ.ប.ថ្មីនេះ បន្ទាប់តុលាការកំពូលបានរំលាយ គណបក្សសង្គ្រោះជាតិកាលពី ថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០១៧ ។
ក្នុងនោះតុលាការក៏បានហាមឃាត់មន្រ្តី ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់មិនឲ្យធ្វើ នយោបាយរយៈពេល៥ឆ្នាំផងដែរ ។
អាសនៈរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានគ.ជ.ប. បែងចែក ទៅឲ្យគណបក្ស នយោបាយមួយចំនួន ប៉ុន្តែក៏មានគណបក្ស នយោបាយ មួយចំនួនប្រកាស មិនទទួលយកផងដែរ។

អាសនៈក្នុងសភាទាំង៥៥របស់អតីត គណបក្សសង្រ្គោះជាតិត្រូវបានគ.ជ.បបែងបែកទៅឲ្យ គណបក្សហ្វ៊ុនស៊ិនប៉ិច៤១ អាសនៈ គណបក្សសញ្ជាតិកម្ពុជា ២អាសនៈគណបក្សខ្មែរអភិវឌ្ឍន៍ សេដ្ឋកិច្ច១អាសនៈ និងគណបក្សប្រជាជនកម្ពុជា១១អាសនៈ ។
ក្រោយតុលាការកំពូលរំលាយ គណបក្សសង្រ្គោះជាតិសមាជិកគ.ជ.ប.ចំនួនបីរូបដែលកើតចេញពីអតីត គណបក្សសង្គ្រោះជាតិ បានប្រកាស លាលែងពីតំណែង មានដូចជាលោកគួយ ប៊ុនរឿន អនុប្រធាន លោក រ៉ុង ឈុន សមាជិក និងស្រី តែ ម៉ានីរ៉ុង សមាជិកា ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print