ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្រុមចំណោមបក្សពួក២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ធ្វើការឃាត់ខ្លួន ខណៈដែលពួកគេបង្រុងនាំយកកញ្ឆា២៤គីឡូក្រាមយកទៅលក់នៅប្រទេសវៀងណាម ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិចំបកទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ដោយក្តាប់បានពត៌មានលើមុខសញ្ញាដឹកកញ្ឆាក្រៀមឆ្លងដែនខុសច្បាប់ ទៅប្រទេសវៀតណាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានរៀបចំកម្លាំងពួនស្ទាក់នៅចំណុចខាងលើ រហូតឈានដល់ឃាត់បានមុខសញ្ញាម្នាក់ ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ជនសង្ស័យមានឈ្មោះ អោក ធិនដាវីន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចដកហូតបានកញ្ឆាក្រៀមមានទម្ងន់ ២៤គីឡូក្រាម ម៉ូតូ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងធ្វើស្រាវជ្រាវស្វែងរកមេក្លោងធំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ភ្នំដា