ភាពតានតឹងនៅឧបទ្វីបកូរ៉េធ្វើឲ្យប្រទេសជិតខាងត្រូវការអាវុធទំនើបៗជាច្រើនដើម្បីការពារ

ចែករំលែក៖

ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ពិសេសគឺកូរ៉េខាងត្បូង និងជប៉ុន ដែលជាគោលដៅវាយប្រហាររបស់កូរ៉េខាងជើង ដោយសារតែនៅទីនោះមានទាហានអាមេរិកឈរជើងនៅទីនោះ។ ចំណុចទាំងនោះហើយ បានជាកូរ៉េខាងត្បូងបង្កើនការទិញអាវុធដើម្បីការពារខ្លួន ។

កន្លងមកថ្មីៗជប៉ុនក៏បាន ឡើងគម្រោងទិញមីស៊ីល ការពារដ៏ទំនើប ទប់ស្កាត់ការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង។ ជប៉ុន គឺជាប្រទេសដែលមីស៊ីលកូរ៉េខាងជើង ហោះឆ្លងកាត់រយៈពេល៣លើកមកហើយ ដោយការសាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃទី៨ ខែធ្នូ បានប្រកាសថា ជប៉ុនគ្រោងនឹងទិញមីស៊ីល រយៈចម្ងាយឆ្ងាយ និងមធ្យមដើម្បីការពារខ្លួនទល់នឹងការគំរាមកំហែងយោធារបស់កូរ៉េខាងជើង។ ប៉ុន្តែគម្រោងទិញអាវុធបែបនេះ អាចនឹងត្រូវបំផុសចំណោទស្តីអំពីនយោបាយសន្តិនិយមរបស់ប្រទេស។

មីស៊ីលដែលជប៉ុនមានគម្រោងទិញនេះ ជាប្រភេទមីស៊ីលបណ្តែត (មីស៊ីលការពារខ្លួន) Jassm និង Lrasm របស់អាមេរិក ដែលអាចបាញ់បានចម្ងាយដល់ទៅ៩រយគីឡូម៉ែត្រ និង មីស៊ីល Joint Strikes របស់ក្រុមហ៊ុនន័រវែស Kongsberg Defence and Aerospace ដែលអាចបាញ់បានចម្ងាយ៥រយគីឡូម៉ែត្រ។ នេះបើតាមប្រភពសារព័ត៌មានជប៉ុន។

ដើម្បីអាចទិញមីស៊ីលរយៈឆ្ងាយ និងមធ្យមនេះមកបំពាក់ឲ្យយន្តហោះចំបាំងរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នឹងទៅស្នើសុំថវិកាពិសេសពីរដ្ឋាភិបាល ដោយពន្យល់ថា មីស៊ីលនេះនឹងអនុញ្ញាតឲ្យជប៉ុនអាចប្រឈមទប់ទល់នឹងគូសត្រូវបាន ពីគ្រប់ទិសទីទាំងអស់។

ប៉ុន្តែគម្រោងទិញអាវុធមីស៊ីល អាចនឹងបំផុសឲ្យមានភាពចម្រូងចម្រាស ព្រោះជប៉ុនមានរដ្ឋធម្មនុញ្ញសន្តិនិយម ប្រកាន់យកនយោបាយការពារខ្លួន និងហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់កម្លាំងយោធាជាដំណោះស្រាយវិវាទជាមួយអន្តរជាតិ។ ជប៉ុនរំពឹងតែលើសហរដ្ឋអាមេរិកក្នុងការពារប្រទេស ស្របតាមសន្ធិសញ្ញាចងសម្ព័ន្ធភាពជប៉ុន-អាមេរិកផ្នែកសន្តិសុខ។

មួយរយៈចុងក្រោយនេះ ជប៉ុនមានអារម្មណ៍ថារងការគំរាមកំហែងខ្លាំងឡើងៗ ពីសំណាក់កូរ៉េខាងជើង។ ព្រឹទ្ធសភាជប៉ុន បានចាត់ទុកការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប កាលពីថ្ងៃទី ២៩ វិច្ឆិកា ២០១៧ របស់ព្យុងយ៉ាង ដែលធ្លាក់ក្នុងសមុទ្ទជប៉ុន គឺជាការគំរាមកំហែងពិតសម្រាប់ជប៉ុន។ ចំណែកលោកស៊ីនហ្សូ អាបេ បានប្រកាសថា ការចរចាជាមួយព្យុងយ៉ាងលែងមានន័យហើយ។ សេចក្តីអំពាវនាវរបស់អាមេរិក កាលពីសប្តាហ៍មុន ឲ្យសហគមន៍អន្តរជាតិផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយកូរ៉េខាងជើង ដើម្បីបង្ខំរបបនេះឲ្យបោះបង់មហិច្ឆតានុយក្លេអ៊ែរ តែត្រូវម៉ូស្គូ និងប៉េកាំងច្រានចោល៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print