រាជធានីភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៦នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីបុរសម្នាក់បានដោយសុវត្ថិភាព ខណៈដែលម៉ូតូជនរងគ្រោះរលត់ហើយដើរបណ្តើរម៉ូតូតាមផ្លូវជិតដល់ផ្ទះទៅហើយ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះឈឹម សារ៉ន អាយុ៣៦ឆ្នាំ ជាជាងបាញ់ថ្នាំរថយន្តនៅម្តុំចំការដូង ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិព្រៃកូឡា ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។
ជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូម៉ាកគុបជ្រុងមួយគ្រឿង ពណ៌ទឹកប៊ិច មិនចាំស្លាកលេខ ដោយជិះត្រឡប់មកពីកន្លែងធ្វើការវិញនៅម្តុំចំការដូង ។ លុះជិះជិតដល់ផ្ទះទៅហើយ ក៏ស្រាប់តែម៉ូតូរលត់ រួចក៏ដើរបណ្តើរម៉ូតូតាមផ្លូវរហូតមកដល់ចំណុចផ្លូវបំបែកជាបួនខាងត្បូវវត្តអង្គតាមិញ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៦នាក់ បានដើរមកស្ទាក់ផ្លូវហើយជនសង្ស័យទាំងនោះបានគម្រាមរូបគាត់យកលុយ១ម៉ឺនរៀល ។
តែជនរងគ្រោះមានលុយតែ៥ពាន់រៀលទេ គ្រាន់តែនិយាយចប់ភ្លាម ជនសង្ស័យម្នាក់បានទាញខ្សែក្រវាត់វាយមកលើជនរងគ្រោះចំពីក្រោយក្បាលមួយខ្សែក្រវាត់ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ។ រួចព្យាយាមរត់គេចពីជនសង្ស័យទាំងឈាមហូរយ៉ាងសស្រាក់ ចំណែកម៉ូតូត្រូវជនសង្ស័យបណ្តើរទាំងរលត់យកទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការណ៍នគរបាលប៉ុស្តិ៍ចោមចៅដើម្បីអោយសមត្ថកិច្ចសើបអង្កេតបន្ត ៕
...
ដោយ៖ សុខា សែនជ័យ