ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ដែលគេសង្ស័យមានជំងឺសរសៃប្រសាទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈយុវជនរូបនេះ មានទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង ហើយបានទាញកាំបិតកាប់ក្បាលគូទំនាស់ បណ្ដាលឱ្យរងរបួសធ្ងន់ ។
យុវជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅនឹងផ្ទះស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ រ៉ាត់ ហេង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិ.សង្កាត់កើតហេតុខាងលើ ហើយការឃាត់ខ្លួនក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ច្រូច ចាន់ត្រា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ.សង្កាត់ជាមួយគ្នា នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ។ នៅក្នុងពាក្យបណ្ដឹងចូលមកអធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យមានការផឹកស៊ី រួចដើរទៅផ្ទះជនរងគ្រោះសួររកចំពាវកៅស៊ូ គ្រានោះសាច់ញាតិជនរងគ្រោះបាននិយាយខ្លាំងៗទៅលើជនសង្ស័យ ហើយជនរងគ្រោះក៏បានហក់មករកវាយបន្ថែម ប៉ុន្ដែជនសង្ស័យបានរត់ទៅផ្ទះដែលនៅមិនឆ្ងាយពីគ្នាទាញយកកាំបិតចំនួន ២ កប់ទៅលើជនរងគ្រោះអស់ ១ ធ្វើឱ្យជនរងគ្រោះក្ដៅស្លឹកត្រចៀក ទាញញញួរបំរុងវាយក្បាលជនសង្ស័យ ប៉ុន្ដែត្រូវជនសង្ស័យកាប់ក្បាលតែម្ដង បណ្ដាលឱ្យហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ ក៏បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលក្រុង ទាមទារសំណងថ្លៃព្យាបាលចំនួន ៣លានរៀល និងសំណូមឱ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ។
ប្រភពខាងលើបន្ដទៀតថា ករណីនេះធ្វើឱ្យសមត្ថកិច្ចវិលក្បុង ខណៈជនសង្ស័យមានសំបុត្រពេទ្យបញ្ជាក់ថា មានជំងឺសរសៃប្រសាទ ហើយបានបំពេញបែបបទបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្ដតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន