ភ្នំពេញ៖ ការដ្ឋានស្ពានអាកាស និង ផ្លូវក្រោមដីតិចណូ ខណៈនេះបានចាក់ បេតុងបញ្ចប់តួស្ពានចុងក្រោយហើយៗ នឹងដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះទៅតាម ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា ។
មន្ដ្រីសាលារាជធានីភ្នំពេញបានឱ្យ ដឹងថា ការដ្ឋានស្ពានអាកាស និងផ្លូវ ក្រោមដីតិចណូពេលនេះបានចាក់បេតុងបញ្ចប់តួស្ពានចុងក្រោយហើយដែល មានប្រវែង៩០ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ត្រូវជាបរិមាណបេតុងសរុប៦១០ម៉ែត្រគូប ។ គិតត្រឹមថ្ងៃនេះលទ្ធផលការងារ សម្រេចបាន៨៥ភាគរយនៃគម្រោង ហើយ ។
មន្ដ្រីសាលារាជធានីភ្នំពេញ បានបន្ដថា សាលារាជធានីភ្នំពេញបាន និងកំពុងជំរុញការងារដាក់ឱ្យប្រើប្រាស់ ជាបណ្ដោះអាសន្នថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥តាមអនុសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីអបអរសាទរពិធី បុណ្យអុំទូកអកអំបុកលយប្រទីប និង សំពះព្រះខែ ។
គួរបញ្ជាក់ផងដែរថា ស្ពានជ្រោយ ចង្វាទី២ឆ្លងកាត់ទន្លេសាបមានប្រវែង ១២៦០ម៉ែត្រគឺជាស្ពានភ្លោះទី២ បន្ទាប់ ពីស្ពានភ្លោះព្រះមុនីវង្សនៅក្បាលថ្នល់ ។ ស្ពានជ្រោយចង្វាថ្មីនេះតួស្ពានមានប្រវែងសរុប៧១៩ម៉ែត្រនិងបានចែកចេញជា ៣ផ្នែកគឺស្ពានមេស្ពានសាងសង់លើដីនៅត្រើយខាងលិចនិងខាងកើតសម្រាប់តភ្ជាប់មេស្ពានទៅនឹងថ្នល់ ។ ស្ពានមេមានប្រវែង សរុប៥៤៩ម៉ែត្រមាន៥ប្រឡោះ ។ គន្លង ដែលស្ថិតនៅប្រឡោះកណ្ដាលស្ពានមានកំពស់១០ម៉ែត្រពីផ្ទៃទឹកដែលខ្ពស់បំផុតកម្ពស់មានបណ្ដោយ៩០ម៉ែត្រ ។
ស្ពាននេះត្រូវបានចំណាយថវិកាក្នុងការកសាងអស់ចំនួន២៧លាន និង៥ សែនដុល្លារអាមេរិកជាហិរញ្ញប្បទាន របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជា មានិតចិននិងថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយ ប៉ះពាល់ ដោយចាប់ផ្ដើមសាងសង់ឡើង កាលពីថ្ងៃទី០២វិច្ឆិកា២០១១ ក្រោម អធិបតីភាពរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី ហើយស្ពាននេះ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៥ ទៅតាម អនុសាសន៍សម្ដេចតេជានាយករដ្ឋមន្ដ្រី ដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុកលយប្រទីបនិងសំពះព្រះខែ ដែលនឹងឈានមកដល់នាពេលដ៏ខ្លី ខាងមុខនេះ ៕
ដោយ៖ ហេង នរិន្ទ្រ