ខេត្ដព្រះសីហនុ៖ ប្រជាពលរដ្ឋខេត្ដ ព្រះសីហនុកំពុងរង់ចាំចំណាត់ការតាម ផ្លូវច្បាប់របស់អភិបាលខេត្ដព្រះសីហនុ ថា អាចមានវិធានការតាមផ្លូវច្បាប់ មានប្រសិទ្ធភាពទៅលើជនរំលោភដី ចំណីមាត់បឹងព្រែកទប់ជាបឹងសម្រាប់ រក្សាប្រភពទឹកស្អាត ។
បឹងព្រែកទប់ដែលជាប្រភពទឹកស្អាតដ៏សំខាន់ទុកប្រើប្រាស់នៅទូទាំងខេត្ដនេះ បានរងការរំលោភបំពានធ្វើជាកម្មសិទ្ធិ ឯកជន ។ បញ្ហានេះសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក៏ធ្លាប់ ព្រមានធ្ងន់ៗទៅលើមន្ដ្រីរដ្ឋាភិបាលទាំងឡាយណាដែលជាប់ពាក់ព័ន្ធបទល្មើស រំលោភយកដីបឹងព្រែកទប់ឱ្យដកខ្លួនជា បន្ទាន់ព្រោះត្រូវប្រឈមការផ្ដន្ទាទោស ។
ប្រជាពលរដ្ឋរស់នៅខេត្ដព្រះសីហនុ ចង់ឃើញចំណាត់ការតាមផ្លូវច្បាប់ ឱ្យស្របតាមការអនុវត្ដអនុសាសន៍របស់ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដែល បានព្រមានធ្ងន់ៗដល់អ្នកជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានកាន់កាប់ដីចំណីមាត់បឹងព្រែកទប់ ។
ប៉ុន្ដែរហូតមកដល់ពេលនេះអាជ្ញាធរនៅមិនទាន់មានវិធានការទៅលើអ្នក ជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានចាក់ដី លុបមាត់បឹងព្រែកទប់ដើម្បីធ្វើជាកម្មសិទ្ធិនោះទេ ។ ប្រជាពលរដ្ឋហាក់គ្មានជំនឿ ថា មានមន្ដ្រីក្រោមឱវាទខេត្ដនេះ អាច អនុវត្ដអនុសាសន៍របស់សម្ដេចក្រឡា ហោម ស ខេង បានដាក់ចេញទាក់ទង វិធានការទប់ស្កាត់ និងមានចំណាត់ ការតាមផ្លូវច្បាប់ទៅលើបុគ្គល ឬអ្នក ជាប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ចំណីដីមាត់បឹងព្រែកទប់មានប្រសិទ្ធភាពទេ ។
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងពិធីប្ដូរតំណែងអភិ បាលខេត្ដព្រះសីហនុថ្មី បានព្រមានមិន បញ្ចេញឈ្មោះដល់មន្ដ្រី ឬអ្នកពាក់ព័ន្ធ សកម្មភាពរំលោភដីចំណីមាត់បឹងព្រែកទប់ខុសច្បាប់ទាំងឡាយឱ្យដកខ្លួនជាបន្ទាន់ បើមិនដូច្នេះទេនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ។ ប៉ុន្ដែក្នុងឱកាសនោះសម្ដេចមិន ទាន់បង្ហាញចំណាត់ការតាមផ្លូវច្បាប់ ទៅលើជនប្រព្រឹត្ដល្មើសត្រូវផ្ដន្ទាទោស បែបណាទេ ។
តាមរបាយការណ៍របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្ដព្រះសីហនុ បង្ហាញថា បច្ចុប្បន្ននេះបឹងព្រែកទប់ មានផ្ទៃសរុបទំហំប្រមាណ១៥ហិកតា និងអាចស្ដុកទឹកបានប្រហែល៥០ម៉ឺន ម៉ែត្រគូប ។
បញ្ហានេះមន្ដ្រីសាលាខេត្ដព្រះសីហនុ ចូលនិវត្ដន៍បានឱ្យដឹងថា នៅមុនពេល មានការរំលោភផ្ទៃបឹងព្រែកទប់មានផ្ទៃបឹងរួមទាំងផ្ទៃរងទឹកភ្លៀងដីហ៊ុមព័ទ្ធជុំវិញមាត់បឹងសរុបមានចំនួនប្រមាណ២៧០ហិកតា ។ ក្រោយមកពេលមានសកម្មភាព ទន្ទ្រានកាន់កាប់ដីផ្ទៃរងទឹកភ្លៀងខុសច្បាប់ពីឈ្មួញ និងមន្ដ្រីមានអំណាចក្នុងជួរ រដ្ឋាភិបាលដោយមានការឃុបឃិតពីមន្ដ្រីស្ថាប័នជំនាញខ្លះនាខេត្ដព្រះសីហនុផ្ទៃ បឹងព្រែកទប់បានរួមនៅសល់ជាង៩០ ហិកតា ដែលកាលណោះក្នុងអាណត្ដិលោក សាយ ហាក់ ធ្វើជាអភិបាលខេត្ដ ។
បន្ដមកទៀតមកដល់អាណត្ដិទី៤ ដែលលោក ស្បោង សារ៉ាត់ ដឹកនាំខេត្ដ ព្រះសីហនុវិញ ដីផ្ទៃរងទឹកភ្លៀងដែល នៅសេសសល់ជាង៩០ហិកតា ត្រូវមន្ដ្រី និងឈ្មួញឃុបឃិតគ្នារំលោភធ្វើជាកម្មសិទ្ធិគ្មានសល់ ដោយកាលណោះលោក ស្បោង សារ៉ាត់ បានសម្រេចរក្សាការ ពារផ្ទៃបឹងព្រែកទប់ចន្លោះពី១៤ទៅ១៥ ហិកតាប៉ុណ្ណោះ ។
លោក យន្ដ មីន អភិបាលខេត្ដព្រះ សីហនុបានប្ដេជ្ញាថា នឹងខំពង្រឹងអនុវត្ដ អនុសាសន៍ការពារបឹងព្រែកទប់ឱ្យស្របតាមការចង្អុលបង្ហាញរបស់សម្ដេច ឧបនាយករដ្ឋមន្ដ្រី ស ខេង ដោយយក ចិត្ដទុកដាក់ ។ លោកថា បញ្ហាទន្ទ្រាន កាន់កាប់មាត់បឹងព្រែកទប់ និងបញ្ហា ផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានចង្អុលបង្ហាញឱ្យរក្សាការពាររូប លោកនិងថ្នាក់ដឹកនាំខេត្ដដទៃទៀតនឹង អនុវត្ដឱ្យបាន ។
បច្ចុប្បន្ននេះ ផ្ទៃរងទឹកភ្លៀងឬដីចំណី មាត់បឹងព្រែកទប់មានទីតាំងនៅក្នុង សង្កាត់៣ ក្រុងព្រះសីហនុ គេសង្កេត ឃើញមានរបងថ្មហ៊ុមព័ទ្ធទុកចោល ហើយ មានសកម្មភាពលួចចាក់សំរាមចូលក្នុងផ្ទៃបឹងជាបន្ដបន្ទាប់ ។
វិឡាធំស្កឹមស្កៃដែលសង់មានទំហំធំជាងវត្ដលោក ហើយសង់ជិតរួចរាល់ជា ស្ថាពរមានទីតាំងជាប់មាត់បឹងព្រែកទប់ រាល់ថ្ងៃនេះប្រជាពលរដ្ឋនិងមន្ដ្រីសាលា ខេត្ដព្រះសីហនុបានអះអាងថា ជាកម្ម សិទ្ធិរបស់លោក តាក់ វណ្ណថា អតីតស្នង ការនគរបាលខេត្ដព្រះសីហនុ ហើយ បច្ចុប្បន្នមានតួនាទីជាសមាជិកក្រុម ប្រឹក្សាខេត្ដព្រះសីហនុ ។ សំណង់នេះមន្ដ្រី ខេត្ដព្រះសីហនុ និងមន្ដ្រីសង្គមស៊ីវិល ខ្លះនិយាយថា សង់មានប្លង់កម្មសិទ្ធិ និង មានច្បាប់សាងសង់អនុញ្ញាតត្រឹមត្រូវពីមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធខេត្ដទេសចរណ៍មួយនេះ ។ ប៉ុន្ដែមានមន្ដ្រីរាជការ ខ្លះទៀតនិយាយថា សំណង់របស់លោក តាក់ វណ្ណថា សង់នៅជាប់មាត់បឹងព្រែក ទប់សង់គ្មានច្បាប់ទេ ៕
ដោយ៖ ហេង នរិន្ទ្រ