ភ្នំពេញ៖ ដើមអម្ពិលជាច្រើនដើមដែលដាំនៅកណ្តាលរាជធានីភ្នំពេញជាងមួយសតវត្សមានទំហំធំៗជាងពីរអោបមនុស្សចាស់នៅចំណុចផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ(ខាងត្បូងព្រះបរមរាជវាំង) មកដល់ពេលនេះត្រូវបានអាជ្ញាធរអះអាងថាមួយចំនួនមានវ័យចំណាស់ពុក គល់និងបណ្តូលដែលអាចរលំដួលនៅថ្ងៃណាមួយមិនខាន ។
ដោយមើលឃើញមហន្តរាយ ឬអាចមានគ្រោះថ្នាក់ទៅថ្ងៃក្រោយនោះ មន្ទីរសាធារណការរាជធានីភ្នំពេញ បានចាត់វិធានការណ៍កាប់យកដើមអម្ពិលពុកផុយទាំងនោះចេញ និងដាំជំនួសវិញដោយដើមអម្ពិលថ្មី ដើម្បីរក្សាសោភណភាពដូចដើមវិញ ។
មន្រី្តមន្ទីរសាធារណការរាជធានីភ្នំពេញមួយរូបបាននិយាយឲ្យដឹងថា នេះជាការយកចិត្តទុកដាក់របស់សាលារាជធានីភ្នំពេញដែលតម្រូវឲ្យមន្ទីរយកចិត្តទុកដាក់ចំពោះដើមឈើធំៗដែលដាំអមសងខាងផ្លូវសាធារណៈទាំងអស់ប្រយោជន៍កុំឲ្យវារលំបាក់ដួលសង្កត់លើមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសម្បត្តិសាធារណៈ ហើយបើពិនិត្យមើលទៅឃើញដើមឈើណាពុកផុយរកកល់រលំដួលត្រូវតែកាប់ចេញ និងដាំជំនួសដើមឈើថ្មីវិញ ។
ដូច្នេះហើយទើបបានជាមន្ទីរសាធារណការរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់នឹងកិច្ចការនេះ និងបានព្យាយាមពិនិត្យដើមឈើទាំងឡាយក្នុងរាជធានីភ្នំពេញកុំឲ្យមានរលំដួលដូចពេលមុនទៀត ៕
ដោយ៖ ប្រាថ្នា