ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចចម្រុះចំនួន៧ស្ថាប័ន ដែលមានកម្លាំងសរុប៣៧ នាក់ និងមធ្យោបាយដោយប្រើប្រាស់ទូក ម៉ាស៊ីន១១គ្រឿងបានបន្តបើកយុទ្ធនាការ បង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅតំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ ជាប់បឹងទន្លេសាប ក្នុងភូមិសាស្រ្ត ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងបានដោះលែងត្រីជិត១តោនឱ្យរស់រានមានជីវិត វិញ។
អតីតឡូត៍នេសាទលេខ២ត្រូវបាន រាជរដ្ឋាភិបាលដាក់ឱ្យមានការអភិរក្សពូជត្រី និងជីវចម្រុះ នៅក្នុងផ្ទៃទឹកជាង៥ម៉ឺន ហិកតា ដោយហាមឃាត់មិនឱ្យមានការ នេសាទត្រីនៅក្នុងតំបន់នោះឡើយ ប៉ុន្តែ តំបន់អភិរក្សនោះមានសេចក្តីរាយការណ៍ឱ្យដឹងថានៅតែមានការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។
ការបង្រ្កាបនេះសមត្ថកិច្ច ចម្រុះធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះមានចំនួន៨ទីតាំងស្ថិតក្នុងភូមិសាស្រ្តឡូត៍អភិរក្សលេខ២ រួមមាន ១.ចំណុចទំនាប រាំង២.ចំណុចទំនាបទាល់ ៣.ចំណុចខាង ជើងមាត់ព្រែកអង្ក្រង ៤. ចំណុចរហាល ព្រែកអង្ក្រងខាងជើង ៥.ចំណុចច្រាំងចោទ ៦.ចំណុចឆ្កែកូន ៧. អូរប្រឹសជាប់ និងទី៨, បឹងជីនិត។សមត្ថកិច្ច ដកហូតបាននូវ ឧបករណ៍នេសាទខុសច្បាប់រួមមាន របាំង សាច់មងប្រវែង៣.២០០ម៉ែត្រ បង្គោល ចំនួន១.៤០០ដើមឡុក ចាប់ត្រីចំនួន១៥ គ្រឿងត្រូវបានដុតកម្ទេចចោលនៅនឹង កន្លែង។
ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាប ស្រុកឯកភ្នំ ខេត្ត បាត់ដំបងនោះដែរ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា បទល្មើសនេសាទនៅក្នុង តំបន់ភូមិសាស្រ្តស្រុកឯកភ្នំ បាននិងបន្ត កើតឡើងជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ ប្រជានេសាទប្រកបមុខរបរនេសាទចិញ្ចឹម ជីវិតជាលក្ខណៈគ្រួសារ ក៏ធ្លាប់បង្ហាញពីការព្រួយបារម្ភពីបញ្ហាការប្រើប្រាស់ ឧបករណ៍នេសាទត្រីខុសច្បាប់ ចាប់យក ត្រីទាំងតូចទាំងធំ បង្កឱ្យត្រីធម្មជាតិ ក្នុង បឹងទន្លេសាបនៅក្នុងតំបន់នោះ កំពុងរងការវិនាសបាត់បង់គ្រាដែលប្រជាពលរដ្ឋ មានការសង្ស័យថាមន្រ្តីជំនាញ និងសមត្ថកិច្ចមួយចំនួនជាប់ពាក់ព័ន្ធនឹងការទទួលផល ប្រយោជន៍ពីក្រុមជនល្មើសដែលធ្វើសកម្មភាពនេសាទត្រីខុសច្បាប់នោះ ។
សូមរំលឹកថា ក្នុងរយៈពេល២ទៅ៣ខែ ចុងក្រោយនេះ គេសង្កេតឃើញកម្លាំង សមត្ថកិច្ចខេត្តបាត់ដំបង បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់៣ទៅ៤លើកមកហើយ ប៉ុន្តែការបង្រ្កាបនោះត្រូវបានប្រជាពលរដ្ឋលើកឡើងថាហាក់បីដូចជាមិនទាន់ដោះស្រាយមានប្រសិទ្ធភាពនៅឡើយទេ ៕ សំ វិច្ឆិកា