ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាងពីពាន់គ្រួសារនៅតំបន់ដីក្រហម ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសម្តែងនូវការសារទរ និងលែងមានការព្រួយបារម្ភចំពោះការអត់ទឹកប្រើប្រាស់ និងសម្រាប់ធ្វើស្រែប្រាំងទៀតហើយ បន្ទាប់ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍បូមយកទឹកពីទន្លេមកបញ្ចូលអាងទាំង ១៤ ជូនពួកគាត់ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៥ នេះ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឃុំកោះថ្កូវ គឺជាឃុំមួយដែលមានផ្ទៃដីស្រែប្រាំងធំជាងគេនៅក្នុងខេត្តកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋក្នុងឃុំប្រមាណ ៩៨ភាគរយ ជាអ្នកប្រកបមុខរបរធ្វើស្រែប្រាំង។ ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រពស្រូវប្រាំង នៅតំបន់នេះគឺពឹងផ្អែកទៅលើអាងទឹកដែលមានសរុបចំនួន ១៤ ។ ដោយសារទឹកទន្លេឆ្នាំនេះតូច បានធ្វើឱ្យបណ្តាអាងទឹកទាំងនេះពុំមានទឹកហូរចូលដូចរាល់ឆ្នាំទេ ។
លោកប្រធានមន្ទីរ បានបន្តថា ការងារបូមទឹកបញ្ចូលអាងទាំង ១៤ ខាងលើ គឺយើងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ប្រភេទ ៦៥ សេស ចំនួន ១១ គ្រឿង ដើម្បីបូមយកទឹកពីទន្លេមកបញ្ចូលក្នុងអាងទឹក ចំនួន ១២ ឯអាងទឹកចំនួន ០២ ផ្សេងទៀត ប្រើប្រាស់ម៉ាស៊ីនតូចៗរបស់ប្រជាកសិក សរុបចំនួន ៥២គ្រឿង ដោយយើងផ្តល់ប្រេងជូនពួកគាត់ ៕