ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនរួមជាមួយនឹងថ្នាំញៀនចំនួន3កញ្ចប់ ។ ហេតុការណ៍បង្ក្រាបបទល្មើសគ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០១៥ នៅនឹងផ្ទះជនសង្ស័យ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាំ ដាវីន ភេទប្រុស អាយុប្រហែលជាង30ឆ្នាំ មានមុខរបរ ជាអ្នកលក់ដូរ នៅភូមិ ព្រែកតូច ឃុំទន្លេរបិទ ស្រុក_ខេត្តត្បូងឃ្មុំ ។ ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់ដកហូតនូវវត្ថុតាងថ្នាំញៀនប្រភេទ ក្រាមពណ៌ស ចំនួន៣កញ្ចប់និងសម្ភារៈវេច ខ្ចប់ថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចជំនាញ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
ដោយ៖ វណ្ណះ