ខេត្តកណ្តាល៖ បុរស២នាក់បើកម៉ូតូ២គ្រឿងព្យាយាមគេចរថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យប៉ះដៃចង្កូតម៉ូតូដួលទៅខាងឆ្វេងដៃធ្វើឲ្យរថយន្តបើកច្រាស់ទិសគ្នាគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏បុកនិងកិនពីលើពេញមួយទំហឹង បន្ទាប់មករថយន្តក៏បានបើកគេចបាត់អស់ពីកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល បណ្តាលឲ្យបុរស២នាក់ជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ជនរងគ្រោះទាំង២នាក់នោះទី១-ឈ្មោះ យ៉ុន សុវណ្ណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល បើកបរម៉ូតូធុនសេ១០០កូរ៉េ ពណ៌បាញ់ឌុក គ្មានស្លាកលេខ ។ ជនរងគ្រោះទី២-ឈ្មោះ រុង រ៉ន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាកម្មករ បច្ចុប្បន្នស្នាក់នៅក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU-4537។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូទាំង២គ្រឿងបានព្យាយាមកាច់ចង្កូតគេចចេញពីរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបត់ឆ្លងផ្លូវ ។ នៅគ្រានោះបានធ្វើឲ្យម៉ូតូទាំង២គ្រឿងបះដៃចង្កូតគ្នាដួលបោកទៅលើផ្លូវជាតិ ស្របពេលនោះរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកបើកបរច្រាស់ទិសគ្នាមកដល់បុក និងកិនពីលើជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តមិនស្គាល់ម៉ាកទាំង២គ្រឿង បានបើកគេចបាត់អស់ពីកន្លែងកើតហេតុ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកអង្គស្នួលធ្វើកំណត់ហេតុដកហូតនាំយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ