ខេត្តសៀមរាប៖ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរឡារីតា គ្រោងប្ដឹងម្ចាស់ចំណតរថយន្ដខេត្ដសៀមរាប លោក ទូច ស៊ា ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារឲ្យម្ចាស់ចំណតនោះ សងថវិកាមកក្រុមហ៊ុនវិញ ដោយសង្ស័យថា ការយកលុយថ្លៃចំណតមិនស្របតាមច្បាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
គម្រោងនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ចំណតរថយន្ដលោក ទូច ស៊ា បានដឹកនាំកម្លាំងសមត្ថកិច្ចកាក់រថយន្ដដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡារីតា យកលុយក្បាលឡាន១០,០០០រៀល យ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ នៅខាងមុខបុរីសៀងណាំ ខេត្ដសៀមរាបជាបន្ដបន្ទាប់ ព្រមទាំងកម្លាំងប៉ូលីសសណ្ដាប់ធ្នាប់ដាក់លុយខែ៧០០០០រៀលពីក្រុមហ៊ុនដឹកជញ្ជូនផងដែរ។
តាមប្រភពព័ត៌មានពីតំណាងក្រុមហ៊ុនរថយន្ដដឹកអ្នកដំណើរឡារីតា កាលពេលថ្មីៗនេះថា ក្រុមហ៊ុនឡារីតា នឹងរៀបចំដាក់ពាក្យបណ្ដឹងម្ចាស់ចំណតរថយន្ដខេត្ដសៀមាបលោក ទូច ស៊ា ទៅអង្គភាពប្រឆាំងអំពើរពុករលួយក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យស្ថាប័ននេះ ស៊ើបអង្កេតទៅលើក្រុមហ៊ុនចំណតរថយន្ដនេះ ករណីយកលុយពីក្រុមហ៊ុនដឹកអ្នកដំណើររបស់ក្រុមហ៊ុននេះ និងទាមទារឲ្យបង្ហាញឯកសារអាជីវកម្មរបស់ចំណតរថយន្ដនោះ។ប្រភពបានបន្ដថា ចំណតរថយន្ដនោះបានប្រើប៉ូលីស និងសន្ដិសុខបេន កាក់រថយន្ដក្រុមហ៊ុន ទារលុយក្បាលឡាន១០,០០០រៀលក្នុងមួយគ្រឿង ដែលលោកហៅថាទង្វើនោះ ជាការជំរិតទារលុយពីក្រុមហ៊ុន។ប្រភពដដែលបានបន្ដទៀតថា ក្រុមហ៊ុនឡារីតាមិនបានប្រើប្រាស់ចំណតរថយន្ដនោះទេ និងម្យ៉ាងទៀត ក្រុមហ៊ុនបានបង់ពន្ធគ្រប់សារពើរដល់រាជរដ្ឋាភិបាលរួចរាល់ហើយទាំងផ្នែកអនាម័យសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ជាមួយគ្នាក្រុមហ៊ុននោះ ក៍បានទាមទារឲ្យម្ចាស់ចំណតរថយន្ដលោក ទូច ស៊ា សងថិវិកាក្រុមបានបង់ចូលចំណត កន្លងមកឲ្យក្រុមហ៊ុនឡារីតាវិញ ដោយសង្ស័យថា ថវិកាទាំងនោះមិនចូលជាថវិកាជាតិឡើយ។
កាសែតនគរវត្ដមិនអាចទាក់ទង លោក ទូច ស៊ា ប្រធានក្រុមហ៊ុនចំណតរថយន្ដខេត្ដសៀមរាប ដើម្បីឆ្លើយតបពីការចោទប្រកាន់នេះបានទេ ដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។ កាសែតនគរវត្ដក៍មិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀតបានដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ខែតុលានេះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន៨ បានដាក់ពាក្យប្ដឹងស្វែងរកអន្ដរាគមន៍ពីលោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប ដោយចោទប្រកាន់ចំណតរថយន្ដលោកទូចស៊ាថា ដាក់កុងត្រូលជជុះយកលុយក្បាលឡាន១ម៉ឺនរៀលក្នុងមួយគ្រឿង។ជាមួយគ្នានោះដែរ ក្រុមសមត្ថកិច្ចសណ្ដាប់ដែលការពារកុងត្រូវជជុះនោះ តម្រូវឲ្យក្រុមហ៊ុនដឹកអ្នកដំណើរបង់លុយខែ៧០,០០០រៀលទៀតក្នុងមួយខែផងដែរ ដែលធ្វើឲ្យ ប៉ះពាល់ដល់មុខរបរស្របច្បាប់របស់ពួកគាត់។ក្រុមហ៊ុនដឹកអ្នកដំណើរទាំងនោះរួមមាន ក្រុមហ៊ុនឡារីតា ក្រុមហ៊ុនថេរ៉ូអ៊ិចប្រេស ក្រុមហ៊ុនGolden Bayon Express ក្រុមហ៊ុនរិទ្ធីមុន្នី និងក្រុមហ៊ុនសូរិយាជាដើម ៕
ដោយ៖ ជានិរន្តរ៍