ភ្នំពេញ៖ ប្រជាពលរដ្ឋច្រើនពាន់នាក់ដែលមានកាន់បដានៅនឹងដៃបានជួបប្រជុំគ្នានៅមុខមន្ទីររដ្ឋសភា នាវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយបានទាមទារឲ្យលោក កឹម សុខា អនុប្រធានទីមួយរដ្ឋសភា ចាកចេញពីតំណែង។ ក្រុមបាតុករបានអះអាងថា លោក កឹម សុខា មិនបានធ្វើអ្វីជាផលប្រយោជន៍ដល់ប្រទេសជាតិនោះឡើយ ។ នៅពេលកំពុងធ្វើបាតុកម្មនេះ គេឃើញមានអ្នកតំណាងរាស្ត្រចូលមកជួបជាមួយក្រុមបាតុករផងដែរ ។
ប្រជាពលរដ្ឋជាច្រើននាក់រស់នៅរាជធានីភ្នំពេញប្រមាណ៤-៥ពាន់នាក់ បាននាំគ្នាតវ៉ា និងស្នើសុំឲ្យសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងតំណាងរាស្ត្រទាំងអស់ ដកលោក កឹម សុខា ចេញពីមុខតំណែងជាអនុប្រធានទី១ នៃរដ្ឋសភា ដោយសារ លោក កឹម សុខា បានធ្វើសកម្មភាពឃោសនា បោកប្រាស់ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាព ព្រមទាំងធ្វើការអុកឡុក បង្កឲ្យមានកំហឹងពូជសាសន៍ និងអាចឈានបង្កឲ្យមានការសង្គ្រាមកើតមានក្នុងផ្ទៃប្រទេស នេះបើយោងតាមញត្តិរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
នៅក្នុងញត្តិស្នើសុំរបស់ប្រជាពលរដ្ឋបានស្នើសុំថា៖ «យើងខ្ញុំទាំងអស់គ្នាគោរពស្នើសុំដោយទទូចដល់ សម្តេច ប្រធានរដ្ឋសភា និងអ្នកតំណាងរាស្ត្រទាំងអស់មេត្តាដក ឯកឧត្តម កឹម សុខា ចេញពីមុខតំណែងជាអនុប្រធានរដ្ឋសភាឲ្យបានឆាប់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានអារម្មណ៍រស់នៅក្នុងភាពសុខដុមរមនា និងប្រកបមុខរបររស់នៅប្រចាំថ្ងៃបានជាប្រក្រតី» ៕
ដោយ៖ ហេង សូរិយា