ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកសហការជាមួយគណៈបញ្ជាការឯកភាពសាលាខណ្ឌទួលគោក ចុះបង្រ្កាបទីតាំងបើកល្បែងហ្គេម ពីរផ្សេងគ្នា កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ជាលិទ្ធផលឃាត់ខ្លួន មនុស្សចំនួន១៧នាក់និងទូហ្គេមជាង៤០ទូ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ទីតាំងទី១ ដែលសមត្ថកិច្ចចុះបង្រ្កាប នៅចំណុចផ្ទះលេខ៤៧ ផ្លូវលេខ២៣០ ក្រុម៥០ ភូមិ៨ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន២ទូ, ទូហ្គេមបៀរចំនួន១៩ទូ(ខូចចំនួន៨ទូរ) រួមទាំងខ្លួនបុរសម្នាក់ ដែលមានឈ្មោះ ភៀង សុភឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមេការមើលការខុសត្រូវនៅទីតាំងល្បែងហ្គេមនេះ។
ទីតាំងទី២ នៅចំណុចផ្ទះលេខ៤៨BE0 ផ្លូវ៣៣៦ ក្រុម៣៤ ភូមិ៤ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោកនិងដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន២ទូ, ទូហ្គេមបៀរចំនួន២៣ទូ, ទូហ្គេមសេះចំនួន៣ទូ រួមទាំងខ្លួន អ្នកចូលលេងហ្គេមចំនួន១៤នាក់(ប្រុស) និងមនុស្សស្រី២នាក់ទៀតជាមេការមើលការខុសត្រូវនៅទីតាំងល្បែងហ្គេមនេះផងដែរ ។
សមត្ថកិច្ចបានបន្តទៀតថា ទូហ្គេមដែលដកហូតបាននៅទីតាំងទី១ ត្រូវបានបញ្ជូនយកទៅរក្សារទុកនៅសាលាខណ្ឌទួលគោក។ ចំណែកទូហ្គេមដែលដកហូតនៅទីតាំងទី២ រួមទាំងមនុស្សប្រុសស្រីទាំង១៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។
សូមបញ្ជាក់ផងដែរ ក្រោយពេលចប់ប្រតិបត្តិការបង្ក្រាបល្បែងហ្គេមទាំងពីរទីតាំងនេះ សរុបហ្គេមបាញ់ត្រីបានចំនួន៤ទូ, ទូហ្គេមបៀរចំនួន៤២ទូ(ខូចចំនួន៨ទូ),ទូហ្គេមសេះចំនួន៣ទូ។ ចំណែកមនុស្សប្រុសស្រីទាំង១៧នាក់ បន្ទាប់ពីបញ្ជូនទៅដល់អធិការដ្ឋាននគរបាលខណ្ឌ សមត្ថកិច្ចបានធ្វើការអប់រំនិងអោយត្រឡប់ទៅផ្ទះវិញផងដែរ ៕
...
ដោយ៖ ស ដារ៉ា