ភ្នំពេញ៖ ទីបំផុត បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា»របស់ផលិតកម្មថោនដែល លេចការរិះគន់ខ្លាំងពីមហាជននោះត្រូវបានក្រសួងព័ត៌មានប្រកាសហាមមិនឲ្យធ្វើការចាក់ផ្សាយឬឡើងច្រៀងជាសាធារណៈ ។
យោងតាមសេចក្ដីប្រកាស របស់ក្រសួងព័ត៌មានបានឲ្យដឹងថា «បទចម្រៀងរបស់ក្រុមហ៊ុនផលិតកម្មថោន មានចំណងជើងថា «គ្រូបង្រៀនស្រវឹងស្រា» ច្រៀងដោយលោកស្រី ចេន សាយចៃ មានខ្លឹមសារបន្ទុះបង្អាប់ ប្រមាថ គ្រូបង្រៀនថា ផឹកស្រារស្ទើររាល់ថ្ងៃ ស្រវឹងទាំងថ្ងៃ វាចាធុំក្លិនតែស្រា ឲ្យតែស្រវឹងកាចចម្លែកបង្រៀនប្លែកៗ ខឹងស្រែកខឹងវាយខុសក្រមច្បាប់គ្រូ ដែលខ្លឹមសារ នៃចម្រៀងនេះបានប្រាសចាក អំពីអកប្បកិរិយា និងសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់គ្រូបង្រៀន ដែលធ្វើឲ្យប្រតិកម្មបីសំណាក់មហាជនទូទៅ និងជះឥទ្ធិពលមិនល្អដល់សង្គម ទាំងមូលហើយសារខ្លឹមសារបទចម្រៀងនេះ បានដក់ជាប់នឹងអារម្មណ៍ របស់កុមារតូចៗ ដែលពុំទាន់មានមូលដ្ឋាន នៃការពិចារណាច្បាស់លាល់នៅឡើយ។
ដើម្បីចៀសវាងផលអវិជ្ជមាន និងប៉ះពាល់ដល់អារម្មណ៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ពីការផ្សព្វផ្សាយបទចម្រៀងនេះ ក្រសួងព័ត៌មាន សូមឯកឧត្តម លោកជំទាវ លោក លោកស្រីម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «គ្រូបង្រៀនស្រវឹងស្រា» របស់ផលិតកម្មថោន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ!»។
គួរបញ្ជាក់ដែរថា បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា»របស់ផលិតកម្មថោនដែលច្រៀងដោយអ្នកនាងចេន សាយចៃ និងជាការនិពន្ធរបស់លោក យឹម តាស្រង់ ដែលលេចចេញការរិះគន់ត្រូវបានផលិតកម្មថោនបញ្ចេញកាលពីចុងសប្តាហ៍មុននេះនេះនៅលើគេទំព័រហ្វេសប៊ុករបស់ខ្លួន។ ក្រោយការបញ្ចេញគេឃើញមានការរិះគន់ជាច្រើនថាបទចម្រៀងនេះមានអត្ថន័យបន្ទាបតម្លៃគ្រូបង្រៀនទៅវិញ បើទោះបីជាបទចម្រៀងនេះចង់ឲ្យគ្រូបង្រៀនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈក្តី។
អ្នករិះគន់ម្នាក់លើកឡើងថា វាហាក់ដូចជាហួសចិត្តបន្តិច នៅពេលដែលឮថា អ្នកនិពន្ធសម័យថ្មីបាននិពន្ធបទចំរៀងមួយបទ ដែលមានចំណងជើងថា «គ្រូបង្រៀនស្រវឹងស្រា» ដែលក្នុងខ្លឹមសារនោះ បញ្ជាក់ថា«ឲ្យតែស្រវឹង គ្រូកាចចម្លែក បង្រៀនប្លែកៗ ខឹងស្រែក ខឹងវាយ» ដែលក្នុងន័យនេះ គឺហាក់ដូចជាមើលស្រាលចំពោះគ្រូបង្រៀនបន្តិចហើយ។ អ្នកនិពន្ធអាចនិយាយថា វាជាការពិតតូចមួយនៅក្នុងសង្គម ។ ប៉ុន្តែយ៉ាងណាក៏ដោយ តម្លៃ និងគុណធម៌របស់គ្រូបង្រៀនមិនគួរត្រូវបានយកមកលេងសើចយ៉ាងនេះទេ។គ្រូបង្រៀនប្រៀបដូចជាឪពុកម្តាយ ដែលមានព្រហ្មវិហារធម៌ចំពោះកូនជាពន់ពេក ។ បើទោះបីជាមានកំហុសឆ្គងម្តងម្កាលបន្តិចបន្តួច ក៏មិនដល់ថ្នាក់ត្រូវបានយកមកជាចងក្រងជាបទចម្រៀងចំអកឡកឡឺយបែបនេះដែរ។ វាហាក់ដូចជាហួសហេតុពេក សម្រាប់អ្នកនិពន្ធបទចម្រៀងនេះ។ ប្រភពបន្តថាវាហាក់ដូចជាគាត់(អ្នកនិពន្ធ) មិនធ្លាប់បានសិក្សារៀនសូត្រ ឬគ្មានគ្រូបង្រៀនគាត់សោះឡើយតាំងពីតូចមក។
ប្រសិនបើគាត់ធ្លាប់ឆ្លងកាត់សាលាមានគ្រូបង្រៀន គាត់គឺជាមនុស្សដែលមានគុណធម៌ ពិតជាមិនអាចទាញប៊ិកសរសេរបទចម្រៀងបែបនេះឡើយ។ក្នុងនាមប្រជាពលរដ្ឋម្នាក់ ស្នើឲ្យសមាគមនគ្រូបង្រៀន ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងវិចិត្រសិល្បៈពិនិត្យថា តើ បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា» គួរតែត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយឬយ៉ាងណា? តើវាប៉ះពាល់ដល់អារម្មណ៍គ្រូបង្រៀនទូទាំងប្រទេសដែរឬទេ? ប្រសិនបើវាមិនប៉ះពាល់ទេ គួរផ្សព្វផ្សាយឲ្យទូលំទូលាយ។ នៅមានមតិជាច្រើនទៀតបានរិះគន់ទៅលើបទចម្រៀងមួយបទនេះ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកនិពន្ធបទចម្រៀងនេះនិងតំណាងផលិតកម្មបាននៅឡើយទេជុំវិញការប្រកាសបិទមិនឲ្យចាក់ផ្សាយបទចម្រៀងខាងលើ៕
ដោយ វឌ្ឍនា