តុលាការចោទប្រកាន់មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ,​ ជនត្រូវចោទស្ថិតនៅដំណាក់កាលចៅក្រមស៊ើបសួរ

ចែករំលែក៖

ភ្នំពេញ៖​រហូតមកទល់ល្ងាចថ្ងៃទី២០​ ខែធ្នូ​ លោក​ សឿន​ មុនីរ័ត្ន​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចចោទប្រកាន់មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ពីបទ””ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ និង​ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត”​តាមមាត្រា២១៩និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។​ បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង​ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ​ដើម្បីចាត់ការបន្តតាមនីតិវិធី​ ។

មន្ត្រីតុលាការ​ ថ្លែងថា​ នៅថ្ងៃទី២១​ ខែធ្នូ​ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន​ ជនត្រូវចោទ​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ។

​មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ត្រូវ​បានឃាត់ខ្លួនផ្លូវការ​ក្រោយបាញ់យុវជនម្នាក់ឱ្យរបួសនិងគំរាមបាញ់យុវជនម្នាក់ទៀត​ ដែលជាការគំរាមកំហែងអាយុជីវិត។​ អំពើល្មើសនេះ​ ទំនងកើតចេញពីភាពស្រវឹង​ និង​ ចរិតក្រអឺតក្រទម​ កោងកាច​ ដែលមិត្តភក្តិជនសង្ស័យលួចបង្ហើបប្រាប់​ ។​ មជ្ឈដ្ឋានមួយចំនួន​ សង្ឃឹមថា​ វប្បធម៌និទណ្ឌភាពឬ​ភាពគ្មានទោសចំពោះជនល្មើសដែលប្រព្រឹត្ត​ គួរបញ្ឈប់​ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា​ ។

ហេតុការណ៍បាញ់យ៉ាងគន្លើននេះ​ កើតឡើងកាលពីវេលាម៉ោង២២៖៣០​ ថ្ងៃទី១៨​ ខែធ្នូ​ នៅជិតភូមិគ្រឹះ​នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ផ្លូវលេខ២១១កែងផ្លូវលេខ២១៧​ ភូមិ៧​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ ។​

ក្រោយហេតុការណ៍បាញ់នេះ​ ជនរងគ្រោះពីរនាក់ជានិស្សិតសាលាច្បាប់​ បានដាក់បណ្តឹងប្តឹងជនសង្ស័យ​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ដែលធ្វើឱ្យពួកគេរបួស​ និង​ រងការគំរាមកំហែងដល់អាយុជីវិត​ ។

របាយការណ៍នគរបាល​ បង្ហាញថា​ ជនសង្ស័យចេញពីហូបការគេនៅវិមានចរណៃ​ រួចជួបជុំមិត្តភក្តិហូបបន្តនៅចំណុចកើតហេតុ​ ។​ ពេលហូបនោះ​ មានការទាស់សម្តីគ្នា​ ទើបជនសង្ស័យចូលក្នុងរថយន្ត​ យកកាំភ្លើងម៉ាកទំនើបបាញ់ជនរងគ្រោះឈ្មោះ​ លី​ តុលា​ បណ្តាលឱ្យរបួសជើងខាងស្តាំនិងបន្តយកកាំភ្លើងភ្ជង់គំរាមជនរងគ្រោះម្នាក់ទៀតឈ្មោះ​ ខុន​ បញ្ញាសិទ្ធិ​ ។

អ្វីជាការកត់សម្គាល់​ គឺ​ នៅពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ​ មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ បោះពាក្យសម្តីយ៉ាងព្រហើនថា​ “គេចង់បាញ់ប៉ុន្មានគ្រាប់ទៀត​ ក៏គ្មានបញ្ហាដែរ​ “។

ការប្រព្រឹត្តរបស់មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ បានប៉ះពាល់យ៉ាងខ្លាំងក្លាដល់វិជ្ជាជីវៈមេធាវី​ តែទោះបីយ៉ាងណា​ នៅថ្ងៃទី១៩​ ខែធ្នូ​ នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកមេធាវី​ យឹម​ សារី​ អ្នកនាំពាក្យគណៈមេធាវី​ បានទេ​ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល​ ។​

រាជរដ្ឋាភិបាលកម្ពុជា​ ខិតខំយ៉ាងខ្លាំងចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះ​ ។​ ប៉ុន្តែដោយសារជនឱកាសនិយមមួយចំនួន​ តែងតែឆ្លៀតយកតួនាទីប្រព្រឹត្តបទល្មើស​ ពិសេសការបាញ់បោះសេរី​ ដែលបង្កភាពអសន្តិសុខ​ក្នុងសង្គមផ ។​ មជ្ឈដ្ឋាន​ជាច្រើន​ សង្ឃឹមថា​ ស្ថាប័នមានសមត្ថកិច្ច​ ពិសេសតុលាការអនុវត្តច្បាប់ដោយត្រឹមត្រូវ​ ពុំត្រូវរងសម្ពាធណាមួយឡើយ​ ៕​

ដោយ៖ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print