ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ សាលាប៊ែលធី អន្ដរជាតិ បានបញ្ជូនសិស្សទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្រៅប្រទេស តាមរយះអាហារូបករណ៍ឧកញ៉ា លី ឆេង សរុបចំនួន១៧នាក់ដោយរួមទាំងសិស្សនិទ្ទេស A ចំនួន៦នាក់ដែលទើបនឹងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៤ -២០១៥ នេះផងដែរ ។
សិស្សទាំងអស់នោះត្រូវបានបញ្ជូន អោយទៅសិក្សានៅសាកលវិទ្យាល័យឯក្រៅប្រទេសដែលបានចុះអនុស្សារណៈ ផឿបជាមួយសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិ ដូចជាទៅសិក្សានៅចក្រភពអង់គ្លេស១នាក់ សិង្ហបុរី ១៥នាក់ និង សាធារណៈរដ្ឋប្រជាមានិត ចិនផ្នែកពេទ្យ១នាក់ ។ សូមបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមថ្ងៃនេះសាលាប៊ែលធីអន្ដរជាតិបានបញ្ជូនសិស្សទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេងសរុប ចំនួន៤១នាក់រួចមកហើយ ក្នុងនោះចក្រភពអង់គ្លេសចំនួន១១នាក់ សិង្ហបូរីចំនួន២៩នាក់និងសាធារណៈរដ្ឋប្រជាមានិតចិន ១នាក់ ។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ និងជាប្រធានការិយាល័យទំនាក់ទំនងអន្ដរជាតិ បានអោយដឹងថាៈការប្រឡងជ្រើសរើសសិស្សអាហារូបករណ៍នេះ គឺបានធ្វើឡើងយ៉ាង តឹងរឹង និង ហ្មត់ចត់ជាទីបំផុត ដោយធ្វើឡើងទៅតាមតំណាក់កាលនីមួយៗដូចជា សិស្សថ្នាក់ទី១២នៃសាលាប៊ែលធី អន្ដរជាតិទាំងអស់ មានសិទ្ធិដាក់ពាក្យសុំប្រឡងយកអាហារូបករណ៍នេះ ហើយដំណើរការប្រឡងចែកចេញជា៣ដំណាក់កាលផងដែរ៉ គឺប្រឡងលើកទី១ លើវិញ្ញាសា វប្បធម៌ទូទៅ គណិតវិទ្យា និង ភាសាអង់គ្លេស រយះពេល៤ម៉ោងកន្លះ។ ប្រឡងលើកទី២ គណិតវិទ្យាជាភាសាអង់គ្លេស និងតេស្ដអន្ដរជាតិអាយអ៊ែល(IETS)ជាភាសាអង់គ្លេស ដែលវិញ្ញាសា ទាំងនោះត្រូវបានរៀបចំឡើងដោយ មន្ដ្រីមកពីប្រទេសសិង្ហបូរី និងចក្រភពអង់គ្លេស ។ លើកទី៣ បេក្ខជនដែល បានពិន្ទុខ្ពស់ត្រូវបានសំភាសន៍ផ្ទាល់មាត់ជាមួយមន្ដ្រីមកពីប្រទេសទាំងពីរខាងលើ។ ក្នុងឆ្នាំសិក្សានេះយើងមានបេក្ខជនចូលរួមប្រឡង លើកទី១មានចំនួន១៨០នាក់ ជាប់១០០នាក់ លើកទី២ ប្រឡង១០០នាក់ ជាប់ ៣៤នាក់ ប្រឡងលើកទី៣ ៣៤នាក់ជាប់បាន១៧នាក់ដែល ត្រូវបញ្ជូនទៅសិក្សានៅក្រៅប្រទេសនៅថ្ងៃនេះ ។
លោក លី ណាវុឌ្ឍ ក៏បានកោតសរសើរចំពោះបេក្ខជនជ័យលាភីទាំងអស់ដែលបានខិតខំរៀនសូត្រ ហើយបានប្រឡងជាប់អាហារូបករណ៍ដ៏លំបាកនេះដែលទាមទារឱ្យបេក្ខជនត្រូវមានសមត្ថភាពខ្ពស់ ទាំងផ្នែក ចំណេះដឹងទូទៅនិងភាសា ព្រោះនេះជាអាហារូបករណ៍កម្រិតអន្ដរជាតិសម្រាប់ទៅសិក្សានៅក្រៅប្រទេស។ លោកក៏បានផ្ដាំផ្ញើសូមអោយប្អូនៗទាំងអស់ពេលបញ្ចប់ការសិក្សាសូមយកចំណេះដឹងទាំងអស់នោះ មកជួយអភិវឌ្ឍប្រទេសកម្ពុជាយើងនិងធ្វើជាទំញំងស្នងឫស្សីដ៏ល្អប្រកបដោយសីលធម៌ និងគុណធម៌ទៅអនាគត។ ហើយលោកក៏បានលើកទឹកចិត្ដដល់ប្អូនៗ សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាប៊ែលធីអន្ដរជាតិទាំងអស់ឱ្យខិតខំសិក្សាបន្ថែមទៀតដើម្បីត្រៀមខ្លួនទៅប្រឡងយកអាហារូបករណ៍ឧកញ៉ា លីឆេង និងអាហារូបករណ៍ផ្សេងៗទៀតដើលម្បីទៅសិក្សានៅឯក្រៅប្រទេសនាពេលក្រោយ ៕
ដោយ៖ ស រស្មី