ភ្នំពេញ៖ យុវជនម្នាក់ជាជាងភ្លើងដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរ ហ្វុងយាន(Fong Yean (Cambodia)Garment Co,LTD)មានទីតាំងនៅដីឡូតិ៍លេខ២១ ផ្លូវលំ ក្នុងបុរីញូថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានស្លាប់ដោយសារតែតភ្លើងដោយការធ្វេសប្រហែស ។
គ្រោះថ្នាក់ការងារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១កន្លះរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ហើយត្រូវបានដឹក យកមកតម្កល់ធ្វើបុណ្យនៅវត្តពោធិ៍ចិនតុង ។
ប្រភពពីប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហួន តឺយ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងភ្លើងប្រចាំរោងចក្រ ស្នាក់នៅផ្ទះជួលភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្នាមស្លោកលើដៃទាំងពីរដោយសារឆក់ប៉ះនឹងខ្សែភ្លើង ។ ប៉ូលីសមិនបានបញ្ជាក់លម្អិតពីករណីឆក់ស្លាប់នេះទេ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ គឺមិនមានប្រភពពត៌មានណាមួយអាចបញ្ជាក់បានថា បណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ ដោយគ្រាន់តែខាងរោងចក្របានប្រាប់ថា នៅថ្ងៃកើតហេតុជនរងគ្រោះបានតភ្លើងនៅក្នុងរោងចក្រ ហើយដោយសារតែមានការធ្វេសប្រហែស តភ្លើងមិនបានបិទចរន្តក៏បានឆក់ស្លាប់ភ្លាមៗតែម្តង ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺខាងរោងចក្របានព្យាយាមបិទបាំងជាមួយនឹងអ្នកសារពត៌មាន ហើយបានដឹកសពយកមកតម្កល់ទុកនៅក្នុងវត្តពោធិ៍ចិនតុង ដើម្បីបូជាទាំងភាពប្រញាប់ប្រញាល់ ៕
...
ដោយ៖ សុខា សែនជ័យ