ប៉ូលិសប៉ាគីស្ថានបានថ្លែងថា ជនវាយប្រហារអត្តឃាតបានបំផ្ទុះគ្រាប់បែកនៅក្នុងពិធីដើរដង្ហែក្បួននៅតំបន់ Ashura របស់ក្រុមមូស្លីមនិកាយស៊ីអ៊ីដបណ្តាលឲ្យស្លាប់មនុស្ស១៦នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅខេត្ត Sindh ប្រទេសប៉ាគីស្ថាន ។
មិនទាន់មានក្រុមណាមួយចេញមុខប្រកាសទទួលស្គាល់ការវាយប្រហារនេះនៅឡើយទេ ។ ប៉ុន្តែក្រុមឧទ្ទាមមូស្លីមនិកាយសាន់នី គឺក្រុម Lashkar-e-Jhangvi បានប្រកាសទទួលស្គាល់ការវាយប្រហារកាលពីថ្ងៃទី២២ ខែតុលា ព្រមទាំងបានប្រកាសគំរាមវាយប្រហារបន្ថែមទៀតប្រឆាំងទៅលើក្រុមមូស្លីមនិកាយស៊ីអ៊ីដ ។
ប៉ាគីស្ថានបានសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សាខាងសាសនាកើតឡើងនៅក្នុងប្រទេសនេះ ជាពិសេសក្រោយពីក្រុមឧទ្ទាមតាលីបង់បានចុះចូលជាមួយក្រុមរដ្ឋអិស្លាម ដែលជាក្រុមឧទ្ទាមអិស្លាមនិកាយសាន់នីមានមូលដ្ឋាននៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ដែលតែងតែវាយប្រហារទៅលើក្រុមអិស្លាមនិកាយស៊ីអ៊ីដនោះ ។ ក្រុមអ្នកវិភាគបានមើលឃើញថា ក្រុមឧទ្ទាមនៅក្នុងប្រទេសប៉ាគីស្ថានមានបំណងបង្រីកមនោគមន៍វិជ្ជារដ្ឋអិស្លាមនៅទីនោះ ។
លោក Muhammad Saeed មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា មនុស្ស១៦នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ២នាក់ផងដែរ ក្នុងហេតុការណ៍វាយប្រហារនៅក្នុងស្រុក Jacobabad ចម្ងាយ៤៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងការ៉ាជីនោះ ។ លោកបានបញ្ជាក់ប្រាប់រ៉យទ័រថា វាជាការវាយប្រហារអត្តឃាតទៅលើវិពិធីដង្ហែក្បួន ។ ជាមួយគ្នានេះដែរ អ្នកដែលចូលរួមពិធិដង្ហែក្បួននេះច្រើននាក់ផ្សេងទៀតបានរងរបួស ។
ការវាយប្រហារគ្រាប់បែកអត្តឃាតបានកើតឡើងម្តងកាលពីថ្ងៃទី២២ ខែតុលា ស្ថិតនៅព្រះវិហាររបស់ក្រុមនិកាយស៊ីអ៊ីដភាគនិរតីខេត្ត Baluchistan បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស១០នាក់ផងដែរ ។
សន្តិសុខនៅទូទាំងប្រទេសប៉ាគីស្ថានមានការរឹតបណ្តឹង ខណៈដែលពិធីដង្ហែក្បួន Ashura រយៈពេល២ថ្ងៃ ។ ក្រុមនិកាយស៊ីអ៊ីដបានប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ និងការដង្ហែក្បួននៅតាមទីក្រុងសំខាន់ៗកាលពីព្រឹកថ្ងៃទី២៣ ខែតុលា និងថ្ងៃទី២៤ ខែតុលា ដើម្បីចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតរបស់ឈ្មោះ Hussain ដែលជាចៅប្រុស របស់ Prophet Muhammad ។
ក្នុងរយៈពេល២ថ្ងៃនេះ ប្រព័ន្ធទូរស័ព្ទចល័តនៅតាមទីប្រជុំជនសំខាន់ៗ មិនអាចដំណើរការបានទេ ដែលសកម្មភាពនេះប៉ូលិសអះអាងថា ការពារកុំឲ្យមានការបញ្ជាពីចម្ងាយក្នុងសកម្មភាពបំផ្ទុះគ្រាប់បែកនោះ ។ ប៉ូលិសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខជាច្រើននៅក្នុងតំបន់ផងដែរ ។
ក្រុមអិស្លាមនិកាយស៊ីអ៊ីដ មានរហូតដល់១២ភាគរយក្នុងចំណោមពលរដ្ឋប៉ាគីស្ថានទាំងមូល ។ បន្ទាប់មកគឺជាក្រុមអិស្លាមនិកាយសាន់នី ។ ក្រុម Lashkar-e-Jhangvi បានប្រកាសទទួលស្គាល់នៅក្នុងការវាយប្រហារសម្លាប់ជនស៊ីវិលរាប់រយនាក់ ភាគច្រើនជាជនមូស្លីមនិកាយស៊ីអ៊ីដ ។ កងកម្លាំងសន្តិសុខរដ្ឋាភិបាលប៉ាគីស្ថាន ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបើកការបង្ក្រាបទៅលើក្រុម Lashkar-e-Jhangvi និងបានសម្លាប់មេដឹកនាំឈ្មោះ Malik Ishaq ផងដែរកាលពីខែកក្កដា ឆ្នាំ២០១៥ ។
អ្នកនាំពាក្យក្រុម Lashkar-e-Jhangvi ឈ្មោះ Usman Saifullah Kurd បានថ្លែងប្រាប់ប្រភពព័ត៌មានថា ក្រុមរបស់ខ្លួនអាចនឹងបើកការវាយប្រហារអត្តឃាត បើទោះបីស្ថិតនៅក្នុងថ្ងៃបុណ្យ Ashura យ៉ាងណាក៏ដោយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត