សម្តេចក្រឡាហោម ស ខេង ជម្រុញឲ្យសមត្ថកិច្ចមានការរឹតបន្តឹងទៅលើអ្នកជិះម៉ូតូគ្មានមួកសុវតិ្ថភាព ខណៈអត្រាគ្រោះថ្នាក់កើនឡើង

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានជម្រុញឲ្យសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ធ្វើយ៉ាងណារឹតបន្តឹងបន្ថែមទៀតទៅលើអ្នកជិះម៉ូតូ ដែលគ្មានមួកសុវតិ្ថភាព ខណៈដែលអត្រាអ្នកគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដោយមិនពាក់មួកសុវតិ្ថភាពកើនឡើងគួរឲ្យក្តីបារម្មណ៍បំផុត។

ការអំពាវនាវ និងជម្រុញដល់សមត្ថកិច្ចអនុវត្តច្បាប់ចរាចណ៍ឲ្យតឹងរ៉ឹងនេះរបស់ប្រមុខក្រសួងមហាផ្ទៃ គឺបានធ្វើឡើងនៅក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា អាណតិ្តទី៤ នារសៀលថ្ងៃព្រហស្បត៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ននេះគឺមានការកើនឡើងជាបន្តបន្ទាប់ ហើយភាគច្រើនអ្នកដែលគ្រោះថ្នាក់ដល់ជីវិតច្រើនជាងគេនោះ គឺអ្នកដែលជិះម៉ូតូមិនពាក់មួកសុវតិ្ថភាពរហូតដល់ទៅ៧៨ភាគរយ។ ដោយមូលហេតុកើនឡើងបែបនេះសម្តេចក្រឡាហោម ស ខេង បានបម្រើអំពាវនាវដល់សមត្ថកិច្ចទាំងអស់ត្រូវតែរឹតបន្តឹងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នេះធ្លាក់មកនៅតិចតួចបំផុត។ សម្តេចក៏បានណែនាំផងដែរដល់សមត្ថកិច្ចទន្ទឹមនឹងការរឹតបន្តឹងត្រូវប្រកាន់ភ្ជាប់នូវឥរិយាបទម៉ឺងម៉ាត់ តែទន់ភ្លន់ ចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ពលរដ្ឋ។

គួររំលឹកផងដែរថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយះពេល១០ខែដំបូង នៅក្នុងឆ្នាំ២០១៧នេះ បានកើតឡើងចំនួន២.៩៥៨លើក បណ្តាលឲ្យមនុស្សស្លាប់១.៤៦៩នាក់ និងរងរបួស៤.៥៣០នាក់ ហើយក្នុងមធ្យម១ថ្ងៃមានមនុស្សស្លាប់ពី៤ទៅ៨នាក់ របួស១៥នាក់ ភាគច្រើនអ្នកស្លាប់គឺកើតចេញពីគ្មានពាក់មួកសុវតិ្ថភាព ។ ក្នុងនោះសម្តេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គប្បីប្រុងប្រយ័ត្ន នៅក្នុងឱកាសចូលឆ្នាំសកល២០១៨ខាងមុខនេះ ក្នុងការបើកបរ។

ដោយឡែកចំពោះសមាគមមិត្តនគរបាលសម្តេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមទៀតដល់គណៈកម្មាធិការកណ្តាលសមាគម និងគណៈកម្មាធិការមូលដ្ឋានគប្បីនាំយកថវិកាទៅជូនផ្ទាល់ដល់គ្រួសារពលីមរណៈ ដល់លំនៅឋានតែម្តង ក្នុងគោលបំណងឲ្យមានភាពស្និទ្ធស្នាលបំផុតជាមួយពលរដ្ឋ និងការបើកប្រាក់ឧបត្ថម្ភដល់គ្រួសារសមាជិកពលី ពិការ មរណៈឲ្យបានឆាប់បំផុតក្នុងពេលកំពុងធ្វើបុណ្យឬពិធីផ្សេងៗ ចៀសវាងមានការថ្នាំងថ្នាក់ចិត្ត កុំប៉ះដល់សមាគម និងក្រសួងមហាផ្ទៃ។

ក្នុងនោះផងដែរ សម្តេចក្រឡាម ស ខេង ក៏បានថ្លែងកោតសរសើរចំពោះនគរបាលជាតិទូទាំងប្រទេស ដែលបានខិតខំបំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់នាពេលកន្លងមក ក្រោមការសាមគ្គីភាព និងឯកភាពជាកម្លាំងដ៏រឹងមាំរបស់ជាតិ និងរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យស្ថានការណ៍សន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជា មានការវិវត្តល្អប្រសើរជាលំដាប់ ធានាជាបុព្វបទស្នូលបំរើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងការបង្កើតឡើងនូវសមិទិ្ធផលធំៗមួយចំនួនគួរឲ្យកត់សម្គាល់ ដូចជា៖ ការទប់ស្កាត់មិនឲ្យកើតមានអំពើភារកម្មណាមួយដែលនាំដល់ការបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស និងទ្រព្យសម្បតិ្ត បានរួមសហការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារដាច់ខាតបូរភាពទឹកដី និងអធិបតេយ្យជាតិ បានធ្វើឲ្យបទល្មើសឆ្លងដែនមានការថយចុះអតិបរិមា និងបទឧក្រិដ្ឋផ្សេងៗជាច្រើនទៀតមានការថយចុះផងដែរ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print