មន្ត្រីយោធាអុីស្រាអែលបានឲ្យដឹងថាក្រុមឧទ្ទាម នៅកាហ្សា បានបាញ់រ៉ុក្កែតទៅលើទីតាំងនៅភាគខាងជើងប្រទេសអីស្រាអែល កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៨។
អ្នកនាំពាក្យកម្លាំងទាហានអីស្រាអែលបានឲ្យដឹងថា«មានមីស៊ីលបាញ់ចេញពីកាហ្សាទៅកាន់អីស្រាអែល ។ រ៉ុក្កែតនោះបានធ្លាក់នៅក្នុងតំបន់ស្ថិតនៅវាលរហោដ្ឋាន Negev ប៉ុន្តែមិនបង្ករឲ្យមានការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនោះឡើយ។
ចំនួនរ៉ុក្កែតបាញ់ចេញពីកាហ្សាទៅកាន់អីស្រាអែលកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាលត្រាំប្រកាសទទួលស្គាល់តំបន់ជេរ៉ូសាឡឹមជារដ្ឋធានីអីស្រាអែល កាលពីថ្ងៃទី ៦ខែធ្នូឆ្នាំ២០១៧។ ជាមួយគ្នានោះអីស្រាអែលក៏បានបើកការវាយប្រហារទៅលើកាហ្សាវិញ បណ្តាលឲ្យមានអ្នកស្លាប់១៣នាក់និងរាប់សិបនាក់រងរបួស។
ការដែលប្រធានាធិបតីអាមេរិកដូណាលត្រាំប្រកាសទទួលស្គាល់តំបន់ជេរ៉ូសាឡឹម ជារដ្ឋធានីអីស្រាអែល បានធ្វើឲ្យផ្លាស់ប្តូរគោលនយោបាយ ជាច្រើនទស្សវត្សរបស់អាមេរិក។ តំបន់ជេរ៉ូសាឡឹមត្រូវបានដោះស្រាយតាមរយៈកិច្ចពិភាក្សារវាងអីស្រាអែលនិងប៉ាឡេស្ទីន ដោយភាគីផ្សេងមិនអាច ប្រកាសទទួលស្គាល់នោះឡើយ។
សកម្មភាពរបស់សេតវិមាន រងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសនៅក្នុងតំបន់ ពិសេសគឺប្រទេសកាន់សាសនាអិស្លាម។ ប្រទេសជាច្រើនចាត់ទុកការសម្រេចរបស់លោកត្រាំគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុត និងធ្វើឲ្យប៉ះពាល់ដល់ដំណើរឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់នេះ៕
ដោយ៖ មែវ សាធី