ភ្នំពេញ៖ ទើបនឹងបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីជនជាតិថៃមិនបានប៉ុន្មានផង ពេលនេះមានការលេចចេញថា ចំណងស្នេហ៍ឆ្លងប្រទេសមួយនេះត្រូវបានគេទម្លាយថាមានការប្រែប្រួល និងជួបភាពរកាំរកូសមូយចំនួនរហូតនាងពន្យាពេលចេញទៅរស់នៅជាមួយស្វាមីវិញ។
គេចាំបានថាតារាសម្តែង និងពិធីការិនី ថន តារា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងពិធីមង្គលការដ៏អធឹកអធមជាមួយនឹងមន្ត្រីក្នុងជួររដ្ឋាភិបាលនិងជាអ្នកជំនួញជនជាតិថៃលោក ណាវៈរ៉ាត់ យូបំារ៉ុងវ័យ៥២ឆ្នាំ កាលពីថ្ងៃទី២៦ មិថុនាឆ្នាំ២០១៦។ក្រោយរៀបការភ្លាមនាងបានចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសថៃភ្លែត ជាមួយនាងការលើកមុខមាត់ខ្លាំងពីស្វាមីនៅទីនោះ។ ប៉ុន្តែពេលនេះគឺប្រែប្រួលលែងដូចមុន តែមានភាពរកាំរកូសខ្លះនៅក្នុងគ្រួសាររហូតថន តារាពន្យាពេលចេញទៅរស់នៅប្រទេសថៃជាមួយស្វាមីដូចគ្រាមុន។ ប្រភពពីអ្នកសិល្បៈបានលើកឡើងថា ថន តារាបានពន្យាពេលចេញទៅរួមរស់ជាមួយស្វាមីប្រមាណជាង៣ខែមកហើយគឺនាងនៅតែរស់នៅភ្នំពេញជាមួយម្តាយ និងប្អូនស្រីដដែល។ មានការលើកឡើងដែរថា ឆ្លងឆ្នាំថ្មីឆ្នាំសាកលនេះគេឃើញថន តារាចេញទៅដើរលេងកម្សាន្តនៅលើទឹកដីនៃប្រទេសថៃដោយមិនបានជួបមុខស្វាមីនោះដែរ។ មិនមានការបញ្ជាក់ច្បាស់លាស់នោះទេថាតើមូលហេតុពិតប្រាកដនៅពីក្រោយការប្រែប្រួសស្នេហាដ៏ផ្អែមល្ហែមនេះបណ្តាលមកពីរឿងអ្វីឲ្យពិតប្រាកដនោះដែរ។ ថន តារានៅតែបន្តចេញមុខទៅចូលរួមកម្មវិធីអ្នកសិល្បៈដដែលដើម្បីបន្លប់ទុក្ខកង្វល់។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកនាង ថន តារាបាននៅឡើយទេ ប៉ុន្តែគ្រាជួបមុខកាលពីចុងឆ្នាំមុននេះនាងលើកឡើងថា ស្នេហានាងនៅតែមិនមានការប្រែប្រួល ហើយនាងនឹងវិលទៅជួបមុខស្វាមី ចុងឆ្នាំ២០១៧៕
ដោយ វឌ្ឍនា