វិភាគអន្តរជាតិ៖ អាមេរិកនឹងមិនអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀង រវាងកូរ៉េខាងត្បូងនឹងកូរ៉េខាងជើងត្រូវគ្នាវិញនោះឡើយ

ចែករំលែក៖

បងប្អូននឹងគ្នា (កូរ៉េខាងជើង និងកូរ៉េ ខាងត្បូង) ឈ្លោះគ្នាហើយត្រូវគ្នាវិញជារឿងធម្មតា ហេតុអ្វីបានជា អ្នកដទៃ(អាមេរិក) បែរជាមិនឲ្យបងប្អូនគេត្រូវគ្នា? តើជារឿង សមហេតុផលឬទេ?

កូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចនឹងឈានដល់កិច្ចព្រមព្រៀងបញ្ចប់ភាពតានតឹង នៅក្នុងតំបន់ដែលអូសបន្លាយជាយូរណាស់មកហើយ ដោយភាពតានតឹងនោះធ្វើឲ្យប្រទេសទាំងពីរជាអ្នកខាតបង់ ។ នៅពេលនេះ បើកូរ៉េខាងពីរ ព្រមព្រៀង គ្នាវិញនោះ ទីក្រុងវ៉ាស៊ីនតោន នឹងរងការ ខាតបង់។ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ផ្តល់ផលប្រយោនជន៍ជាច្រើនដល់អាមេរិក។

ទំនងជាសម្លឹងឃើញផលប្រយោជន៍អ្វីម្យ៉ាង ទើបជំរុញឱ្យមេដឹកនាំវ័យក្មេង គីម ជុងអ៊ុន សម្រេចចិត្តបើកភ្លើងខៀវដល់សមភាគីខាងត្បូង ដែលជារឿងដ៏គួរឱ្យភ្ញាក់ ផ្អើល និងមិននឹកស្មានដល់។

មេដឹកនាំរូបនេះបានបង្ហាញការកត់ សម្គាល់ថា «ដោយសារយើងជាជនរួមជាតិ ឈាមជ័រដូចគ្នាជាមួយជនជាតិកូរ៉េខាង ត្បូង ហេតុនេះវាគឺជារឿងធម្មតាទេ ដែលយើងចែករំលែកក្តីសប្បាយរីករាយជាមួយពួកគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏វិសេសវិសាល ព្រមទាំងជួយគាំទ្រដល់ពួកគេ»។

ទាក់ទិននឹងការប្រកួតកីឡាអូឡាំពិកនារដូវរងាខាងមុខនេះ ក្រុមអ្នកសង្កេត ការណ៍ក្នុងតំបន់ ធ្លាប់បង្ហាញក្តីព្រួយបារម្ភ ដោយសារព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅទីក្រុងរមណីយដ្ឋាន Pyeongchang របស់កូរ៉េខាងត្បូង ដែលស្ថិតក្នុងចម្ងាយប្រហែល៥០ម៉ាយប៉ុណ្ណោះ ពីតំបន់គ្មានយោធាដែលខណ្ឌចែកព្រំដែនប្រទេសកូរ៉េទាំងពីរ។ ក្នុងស្ថានភាពបច្ចុប្បន្ន រាល់សង្គ្រាមជាមួយប្រទេសកូរ៉េខាងជើង ទោះក្នុងរូបភាពណាក៏ដោយច្បាស់ជាឈានទៅរកសង្គ្រាមនុយក្លេអ៊ែរជាក់ជាមិនខាន។

ខណៈដែលពេលវេលានៃការប្រកួត នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ លោក គីម បានបង្ហាញចេតនាចង់ស្តារស្ថានភាពជាថ្មី ដោយមិនត្រឹមតែជូនពរ ដល់អតីតគូសត្រូវ កូរ៉េខាងត្បូងឱ្យទទួលបានជោគជ័យក្នុងនាមជាប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបញ្ជូនក្រុមគណៈ ប្រតិភូកីឡាទៅចូលរួមការប្រកួតកីឡានេះផងដែរ។

បម្លាស់ប្តូរឥរិយាបថ១៨០ដឺក្រេរបស់មេដឹកនាំកូរ៉េខាងជើង អាចធ្វើជាការក្រើន រំលឹកដល់សហរដ្ឋអាមេរិក ដែលជាអ្នកពាក់ព័ន្ធយ៉ាងស៊ីជម្រៅក្នុងជម្លោះនេះ គឺមហា អំណាចអាមេរិកមិនគួរមើលងាយប្រទេសតូចតាចកូរ៉េខាងជើង ក្នុងស្ថានភាពថ្មីៗនេះ បានឡើយ ត្រូវតែធានាបានថា ចេតនាក្នុងការផ្សះផ្សាឡើងវិញរវាងកូរ៉េទាំងពីរ នឹង មិនបណ្តាលឱ្យសម្ពន្ធភាពរវាងអាមេរិក នឹងកូរ៉េខាងត្បូងដែលធ្លាប់ចាក់គ្រឹះយ៉ាងរឹងមាំមកហើយនោះ បែរជាឈានទៅរកភាពរកាំ រកូសនោះ ឡើយ ហើយក៏មិនត្រូវភ្លេចផង ដែរថា នៅពេលមានការផ្លាស់ប្តូរឥរិយាបថភ្លាមៗមិននឹកស្មានដល់ ជាក់ស្តែងដូចជាការបង្ហាញឆន្ទៈចង់បង្រួបបង្រួមដ៏កម្របែបនេះ វាច្បាស់ជាមិនអាច កើតឡើងដោយ គ្មានហេតុផល ឬមិនត្រូវការផលតបស្នង និងលក្ខខណ្ឌនោះឡើយ។ ប្រសិនបើកិច្ចចរចាអន្តរកូរ៉េក្នុងរយៈពេលឆាប់ៗខាងមុខនេះ បញ្ចប់ដោយភាពផ្លែផ្កានោះ លក្ខខណ្ឌ ចម្បងរបស់កូរ៉េខាងជើង ទំនងជាចង់រារាំងការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិកនឹងកូរ៉េខាងត្បូង ដែលធ្លាប់បានធ្វើឡើងជាទៀងទាត់កន្លងមក។

លោកគីមបាននិយាយថា «ពួកគេគួរតែបញ្ឈប់ការធ្វើសមយុទ្ធសង្គ្រាមនុយ ក្លេអ៊ែរទាំងអស់ ជាមួយកងកម្លាំងបរទេស ពីព្រោះសមយុទ្ធទាំងនេះ មិនខុសពីការធ្វើឱ្យដែនដីឧបទ្វីបកូរ៉េ ត្រូវឆាបឆេះដោយ ភ្លើងសង្គ្រាម ហើយឈានទៅរកការបង្ហូរឈាមនៅលើដែនដីដ៏ពិសិដ្ឋរបស់យើងនោះឡើយ»។

ជាការពិតប្រទេសកូរ៉េខាងជើង ពិតជា សមតាមបំណងពិតមែន ដោយភាគីអាមេរិកយល់ស្របតាមសំណូមពរកូរ៉េខាងត្បូង ដែលស្នើឱ្យសហរដ្ឋអាមេរិកពន្យារពេល ធ្វើសមយុទ្ធទាំងនេះរង់ចាំរហូតដល់ការ ប្រកួតកីឡាប៉ារ៉ាឡាំពិក ត្រូវបានបញ្ចប់ នៅខែមីនាខាងមុខ។ បើទោះបីជាការទម្លាយភាពទាល់ច្រកមិនអាចកើតឡើងទាន់ពេលវេលាមុនការប្រកួតកីឡា Pyeong changក្តី ប៉ុន្តែការថ្លែងសុន្ទរកថារបស់ លោក គីម ក្នុងឱកាសទទួលឆ្នាំឆ្នាំ ហាក់មានភាពប្រុងប្រយ័ត្នជាងរាល់លើក ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះ ទំនាក់ទំនងអន្តរកូរ៉េថែមទៀតផង។

ប៉ុន្តែឱកាសដ៏ល្អ និងកម្របែបនេះ មិនមែនមានន័យថា ជារឿងដ៏ល្អទាំងស្រុង សម្រាប់កូរ៉េខាងត្បូងនោះឡើយ។ ដៃទាំង ពីររបស់លោក មូន ប្រធានាធិបតីកូរ៉េខាង ត្បូង នឹងត្រូវជាប់ដោយចំណងពីរយ៉ាង។ ទីមួយ ត្រូវប្រឈមមុខនឹងការអំពាវនាវ របស់មនុស្សក្នុងតំបន់ដែលតែងតែចង់ សម្របសម្រួលជម្លោះ ដោយព្រួយបារម្ភ ចំពោះបញ្ហានេះជាខ្លាំង។ ទីពីរ គឺការទាម ទាររបស់មហាមិត្តអាមេរិក។ ប៉ុន្តែសេចក្តី ថ្លែងការណ៍របស់លោក គីម បានជំរុញទឹកចិត្តមេដឹកនាំកូរ៉េខាងត្បូងថា កូរ៉េទាំងពីរគួរតែងាកមកសហការគ្នាដើម្បីបន្ធូរបន្ថយ ភាពតានតឹងយោធាដ៏ស្រួចស្រាវនេះ។

ឥរិយាបថថ្មីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហាក់មាន ភាពខុសប្លែកពីមុនជាខ្លាំង។ លោកបាន ស្វាគមន៍ឆ្នាំថ្មី២០១៨ ដោយភាពរីករាយ បំផុត។ បើទោះបីជាប្រទេសកុម្មុយនីស្ត មួយនេះ ត្រូវប្រឈមមុខនឹង ក្នុងការដាក់ ទណ្ឌកម្មពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ រហូតដល់បីលើក ផ្ទួនៗគ្នា ក៏ដោយក្តី ប៉ុន្តែសម្រាប់លោក គីម ឆ្នាំ២០១៧ត្រូវបានចាត់ទុកជាឆ្នាំដ៏ជោគជ័យមួយ។

មិនមែនត្រឹមតែសប្បាយចិត្តក្នុងការសម្លឹងឃើញខ្លួនឯងជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីប ដែលអាចមានសមត្ថភាពកម្ទេចដែនដីអាមេរិកតែ ម្យ៉ាងប៉ុណ្ណោះនោះទេ ប៉ុន្តែក្នុងឆ្នំា២០១៧ នេះ កូរ៉េខាងជើងក៏បានបាញ់សាកល្បងជាលើកដំបូងនូវអាវុធនុយក្លេអ៊ែរកម្តៅ(Thermonuclear)ផងដែរ។ រាល់អាវុធនុយក្លេអ៊ែរទាំងអស់ដែលរដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានបាញ់សាកល្បងពីលើភ្នំ Mantap កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លង ទៅនេះ ត្រូវបានចាត់ទុកថា ជាអាវុធបំផ្ទុះដែលមានថាមពលបំផុតនៅលើលោកមិនធ្លាប់មាន រាប់ចាប់តាំងពីប្រទេសចិន បានបាញ់សាកល្បងនុយក្លេអ៊ែរក្រោមដី ដ៏មានឥទ្ធិពលបំផុតកាលពីឆ្នាំ១៩៩២កន្លងទៅនេះ។

ក្នុងឱកាសនៃការស្វាគមន៍ឆ្នាំថ្មី មេដឹក នាំវ័យក្មេង គីម ជុងអ៊ុន បានប្រកាសពីភាពសម្រេចបាននូវកម្លាំងផ្នែកអាវុធនុយក្លេអ៊ែរដ៏ពេញលេញ ព្រមទាំងបញ្ជាក់ថា បច្ចុប្បន្នលោកបានកាន់កាប់អាវុធដែលមានថាម ពលគ្រប់គ្រាន់ក្នុងការសងសឹកសហរដ្ឋ អាមេរិកដែលគ្រប់គ្នាមិននឹកស្មានដល់។ លោក គីម ថែមទាំងបានបង្អួតថា ប៊ូតង់ចុចបំផ្ទុះនុយក្លេអ៊ែរត្រូវបានដំឡើងរួចរាល់ជាស្រេចក្នុងការិយាល័យរបស់លោក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print