ភ្នំពេញ៖ ក្រុមកាងាររៀបចំកីឡាកងយោធពលខេមរភូមិន្ទ នឹងរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំឲ្យប្រជាពលរដ្ឋកុំមានការភ័យខ្លាច ឬភ្ញាក់ផ្អើល ចំពោះការចល័តទ័ព និងយុទ្ធោបករណ៍នៅក្នុងកម្មវិធីនេះឡើយ។
ក្នុងកម្មវិធីខាងលើនេះ ក្រុមការងាររៀបចំកីឡាកងយោធពលខេមរភូមិន្ទមានការតាំងពិព័រណ៍យុទ្ធោបករណ៍ នៃកងយោធពលខេមរភូមិន្ទ ដោយត្រូវចល័តសម្ភារៈបម្រើការងារយោធាមួយចំនួនចេញពីទីតាំងចំនួន២ ដូចជា៖
ក្រុមទី១៖ នៅវេលាម៉ោង ១២:៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ចេញពីកងពលតូចថ្មើរជើងលេខ៧០ ខណ្ឌពោធិ៍សែនជ័យ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣ រួចបត់ស្ដាំចូលតាមបណ្ដោយផ្លូវចោមចៅ (វេងស្រេង) បត់ស្ដាំតាមបណ្ដោយមហាវិធីម៉ៅសេទុង បន្តទៅវិថីសម្ដេចសុធារស បត់ស្ដាំតាមផ្លូវលេខ៧៨ និងឆ្លងស្ពានតន្ត្រីចូលទៅទីតាំងពិព័រណ៍។
ក្រុមទី២៖ នៅវេលាម៉ោង ០១:០០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ចេញពីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល តាមផ្លូវជាតិលេខ២១ ទៅកាន់ក្រុងតាខ្មៅ បត់ស្ដាំតាមបណ្ដោយផ្លូវជាតិលេខ២ ឆ្ពោះទៅមហាវិថីព្រះនរោត្ដម បត់ស្ដាំចូលតាមវិថីសម្ដេចចសុធារស បត់ស្ដាំតាមផ្លូវលេខ៧៨ និង ឆ្លងតាមស្ពានតន្ត្រីចូលទៅទីតាំងប្រារព្ធពិធី។
ដោយ៖ សិលា