Medecins Sans Frontieres (MSF) ឬក្រុមគ្រូពេទ្យគ្មានព្រំដែនបានអះអាងថា មន្ទីរពេទ្យរបស់ខ្លួនមួយ មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសយេមែនបានរងការបំផ្លាញពីការបាញ់ប្រហារជាច្រើនលើកពីលើដែនអាកាស។ ប្រភពបន្តថា ការវាយប្រហារលើកដំបូងបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយបំផ្លាញទៅលើបរិវេណអគារមន្ទីរពេទ្យស្ថិតនៅក្នុងខេត្ត Saada ។
ប្រភពបន្តថា នៅវេលាប្រមាណ១០នាទីក្រោយមក ការវាយប្រហារលើកទី២បានកើតឡើងទៅលើទីតាំងដដែលនេះ ប៉ុន្តែនៅពេលនោះ បុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺទាំងអស់ត្រូវជម្លៀសខ្លួនបានមុន គេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។
ទោះបីយ៉ាងណា កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតដែលធ្វើប្រតិបត្តិការវាយប្រហារប្រឆាំងទៅលើក្រុមឧទ្ទាម Houthi នៅក្នុងទឹកដីយេមែននោះបានច្រានចោលថា សកម្មភាពវាយប្រហារពីដែនអាកាសរបស់ពួកគេគោលដៅទៅលើមន្ទីរពេទ្យ ។
ទីភ្នាក់ងាររ៉យទ័របានធ្វើសម្ភាសន៍ជាមួយអ្នកនាំពាក្យកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត លោក Ahmed al-Asiri ដោយបានសួរថា តើលោកបានដឹងពីមូលហេតុបង្កឲ្យមានគ្រាប់មីស៊ីលធ្លាក់ទៅលើទីតាំងមន្ទីរពេទ្យនោះដែរឬទេ, លោក Ahmed al-Asiri បានអះអាងថា លោកមិនអាចបញ្ជាក់ប្រាប់បានទេ នៅពេលដែលមិនទាន់ការស៊ើបអង្កេតណាមួយត្រូវបានធ្វើឡើងនោះ ។
កាលពីពេលកន្លងមក លោក Ahmed al-Asiri បានថ្លែងថា កងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនឹងបើកយុទ្ធនាការបំផ្លាញរាល់យន្តហោះចម្បាំងនៅក្នុងប្រទេសយេមែន ។
ជម្លោះនៅក្នុងប្រទេសយេមែនរហូតមកដល់ពេលនេះបានបណ្តាលឲ្យមនុស្សជាង៥.៦០០នាក់បាត់បង់ជីវិត ក្នុងនោះ២.៦១៥នាក់គឺជាជនស៊ីវិល ។ យុទ្ធនាការរបស់កងកម្លាំងសម្ពន្ធមិត្តវាយប្រហារពីលើដែនអាកាសក្នុងប្រទេសយេមែនបានចាប់ផ្តើមឡើងតាំងពីចុងខែមីនា ឆ្នាំ២០១៥រហូតមកដល់ពេលបច្ចុប្បន ។
គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ OHCHR កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥បានបញ្ជាក់ថា ពីរភាគបីក្នុងចំណោមជនស៊ីវិលដែលរងគ្រោះហើយបាត់បង់ជីវិតនេះបណ្តាលមកពីការវាយប្រហារពីលើដែនអាកាសដឹកនាំដោយកងកម្លាំងសម្ពន្ធមិត្ត ។ រីឯនៅសល់ពីនេះគឺជាក្រុមឧទ្ទាម និងបក្ខពួករបស់ពួកគេ ។
ក្នុងរយៈពេល៧ខែកន្លងមកនេះ អ្នកដែលរងរបួសប្រមាណ១៥.០០០នាក់ដោយសារតែការវាយប្រហារពីលើដែនអាកាស និងការវាយផ្ទាល់ដីនៅក្នុងប្រទេសយេមែននោះត្រូវចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលទទួលបានការឧបត្ថម្ភពីក្រុមគ្រូពេទ្យគ្មានព្រំដែន MSF ។
អគារមន្ទីរពេទ្យ Saada ស្ថិតនៅក្នុងប្រទេសស្រុក Haydan នោះជាមន្ទីរពេទ្យដែលមួយគត់ដែលជួយព្យាបាលអ្នករងរបួសប្រមាណ២០០.០០០នាក់ ។ ក្នុងមួយសប្តាហ៍មានករណីសង្គ្រោះបន្ទាន់ប្រមាណ១៥០ករណី ។
ក្រុមពេទ្យគ្មានព្រំដែន MSF បានចេញសេចក្តីថ្លែងការថា បុគ្គលិកសុខាភិបាល និងអ្នកជំងឺបានភៀសខ្លួននៅចន្លោះពេលនៃការវាយប្រហារពីលើដែនអាកាសពីគ្រាប់ទី១ និងគ្រាប់ទី២ កាលពីយប់ថ្ងៃចន្ទ ។ ប្រធានមន្ទីរពេទ្យបានរងរបួសស្រាលដោយការភៀសខ្លួននេះផងដែរ ។
នៅបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីតាំងមន្ទីរពេទ្យដែលរងការវាយប្រហារនេះ អ្នកសម្របសម្រួលគម្រោងក្រុមគ្រូពេទ្យគ្មានព្រំដែន MSF ប្រចាំនៅតំបន់ Saada លោក Miriam Czech បានថ្លែងថា លោកមិនអាចចូលទៅខាងក្នុងអគារមន្ទីរពេទ្យនោះបានទេ ដោយសារថា គ្រាប់មិនទាន់ផ្ទុះត្រូវគេដឹងថា ស្ថិតនៅទីនោះ ។ ប៉ុន្តែទោះបីយ៉ាង លោកបានអះអាងថា មន្ទីរពេទ្យនេះទទួលរងការបំផ្លាញ៩៩ភាគរយនៃអគារទាំងមូល ។
អគ្គនាយកមន្ទីរពេទ្យបានអះអាងថា មានតែបន្ទប់ថតកាំរស្មី និងបន្ទប់បុគ្គលិកប៉ុណ្ណោះដែលមិនទទួលរងផលប៉ះពាល់ពីការវាយប្រហារនេះ ។ លោក Hassan Boucenine ប្រធានអង្គការក្រុមគ្រូពេទ្យគ្មានព្រំដែន MSF ប្រចាំនៅយេមែនបានប្រាប់ប្រភពរ៉យទ័រថា វាជាកំហុសឆ្គងមួយ ប៉ុន្តែធាតុពិតនៃបញ្ហាគឺជាឧក្រិដ្ឋកម្មសង្គ្រាម ។ លោកបន្តថា គ្មានហេតុផលទាល់តែសោះដែលគោលដៅមកលើមន្ទីរពេទ្យនោះ ។ យើងបានផ្តល់ឲ្យពួកគេ(កម្លាំងសម្ពន្ធមិត្ត)នូវប្រព័ន្ធGPS ដើម្បីសម្របសម្រួលអស់ហើយកាលពីពីរសប្តាហ៍មុន ។
នេះជាការវាយប្រហារទៅលើទីតាំងមន្ទីរពេទ្យលើកទីពីរនៅក្នុងរយៈពេលមួយខែនេះ ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ យន្តហោះចម្បាំងអាមេរិកបានទម្លាក់គ្រាប់បែកទៅលើអគារមន្ទីរពេទ្យក្នុងទីក្រុង Kunduz ប្រទេសអាហ្វហ្គានីស្ថានដោយសម្លាប់មនុស្សយ៉ាងតិច២២នាក់ ។
ក្រុមគ្រូពេទ្យគ្មានព្រំដែនបានទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យទៅលើការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យទាំងនោះ ដោយក្រុមនេះអះអាងថា វាជាទង្វើឧក្រិដ្ឋកម្មសង្គ្រាម ។ អាមេរិកបានអះអាងថា មានការវាយប្រហារខុសគោលដៅដោយទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យ ហើយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានសុំអភ័យទោសផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត