យុទ្ធនាការស្តារលូលាងលូដើម្បីត្រៀមរំដោះទឹកនៅរដូវវស្សារបស់ រដ្ឋបាលរាជធានីភ្នំពេញមួយសប្តាហ៍នេះសម្រេចបានជាង៣ពាន់ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ឲ្យដឹងថា យុទ្ធនាការរបស់រដ្ឋ បាលរាជធានីភ្នំពេញ លើការងារស្តារ លូលាងលូ ដើម្បីត្រៀមរំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខ ក្នុងមួយសប្តាហ៍នេះ ក្រុមការងារអនុវត្តសម្រេចបានជាង ៣.៣៩៥ ម៉ែត្រ។

លោក សាំ ពិសិដ្ឋ បានថ្លែងថា ការងារបូមស្តារលូ លាងលូខាងលើនេះ ចាប់ផ្តើមពីផ្លូវលេខ៣១៥, ផ្លូវ៥១៦ ដល់ផ្លូវលេខ៥២៨ ចាប់ពីថ្ងទី៤ ខែមករា ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លាង លូទំហំ០,៦០ម៉ែត្រ មានប្រវែង៦៧០ ម៉ែត្រ ។ ការងារបូមលាងលូផ្លូវលេខ១១០ ចាប់ពីផ្លូវR8 ដល់ផ្លូវ២៨៩ ចាប់ពីថ្ងៃទី៤ ខែមករា ២០១៨ លាងលូទំហំ០,៦០ម៉ែត្រ បានប្រវែង៥៦១ម៉ែត្រ លាងលូទំហំ១ម៉ែត្រ បានប្រវែង ៦៥២ម៉ែត្រ ។ ការងារបូម លាងលូ ផ្លូវលេខ១២៨ ចាប់ពីផ្លូវ២៦៥ ដល់ផ្លូវ២៥៣ ចាប់ពីថ្ងៃ៤ ខែមករា ឆ្នាំ ២០១៨ លាងលូទំហំ០,៦០ម៉ែត្រ បានប្រវែង ៧៥៦ម៉ែត្រ។

លាងលូទំហំ១ម៉ែត្របានប្រវែង៧៥៦ ម៉ែត្រ ស្ដារលូ និងអូសកៅឡាក់ផ្លូវលេខ ៦៨ ចាប់ពីផ្លូវលេខ៩៣ ដល់ផ្លូវជាតិ លេខ៥។ ដោយឡែក នៅថ្ងៃទី១១ ខែ មករាឆ្នាំ២០១៧ យុទ្ធនាការស្តារលូរង សម្រាប់ខណ្ឌទួលគោក នៅចំណុចផ្លូវលេខ ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លូដែលត្រូវអនុវត្តនៃ ការស្តារនេះ មាន ប្រវែងជាង៤៦០គីឡូ ម៉ែត្រ ស្មើនឹង៦៤ខ្សែ គឺខណ្ឌដូនពេញ មានប្រវែង២៤.៣៩០ម៉ែត្រ, ខណ្ឌចំការ មនមានប្រវែង២៨.០៦៨ម៉ែត្រ, ខណ្ឌ ទួលគោក មានប្រវែង ២៨.៨១៩ ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០.៨១៤ ម៉ែត្រ។ ចំពោះការស្តារលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមាន រថយន្តសម្រាប់បូមទឹកចំនួន៤គ្រឿង រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤ គ្រឿង និងកម្មករ ចំនួន៥០នាក់ ដោយចាប់ផ្តើមអនុវត្តពី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ប្រើរយៈពេល ៧ខែឲ្យរួចរាល់ទូទាំង ៤ខណ្ឌ។

ពាក់ព័ន្ធនឹងយុទ្ធនាការស្តារលូខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់កន្លងមកថា រដ្ឋបាល សាលារាជធានីភ្នំពេញ បានប្រគល់ភារ កិច្ចជូនទៅរដ្ឋបាលខណ្ឌទាំង៤កណ្តាលក្រុង ដោយអនុវត្តតាមវិមជ្ឈការថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា ឲ្យ ទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏ មិនលែងដៃ ចោលដែរគឺនៅតែតាមដាន និងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print