ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចល្បាតពេលយប់តាមប្រម៉ាញ់មុខសញ្ញាចែកចាយ ប្រើប្រាស់សារធាតុញៀនប៉ុន្ដែបានរត់ចោលរថយន្ដ RX300 ត្រូវកម្លាំងនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។
ប្រតិបត្ដិការខាងលើ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង ០១និង៥០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅភូមិ-សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ទោ ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា រថយន្ដដែលត្រូវសមត្ថកិច្ចយកមករក្សាទុក ខណៈជនសង្ស័យរត់គេចខ្លួន ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2E-7362 ហើយរថយន្ដខាងលើនេះ បានបិទកញ្ចក់ រ៉ាយប័ណ្ណពីចំហៀង និងខាងក្រោយ ។
លោកអធិការបន្ដទៀតថា ទោះបីជនសង្ស័យរត់គេចខ្លួនក្ដី សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់លាស់ត្រឹមត្រូវ ទាំងម្ចាស់រថយន្តទាំងជនសង្ស័យខ្ចីរថយន្ដគេធ្វើសកម្មភាព ដូច្នេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន