ភ្នំពេញ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្ដឡង់គ្រីស័របុកម៉ូតូហុងដាឌ្រីមតែមិនបណ្ដាលឲ្យមានមនុស្សរងបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចតាមបណ្ដោយផ្លូវលេខ៦៨កែងផ្លូវលេខ៤៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដបង្កម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២H.៨៥៨៧។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមពណ៌ខ្មៅបិតស្កុត ខៀវខ្ចី ពាក់ស្លាកលេខភ្នំពេញ១CY.៨៩៦៣។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកបរលើផ្លូវលេខ៦៨ ក្នុងទិសដៅពីកើតទៅលិចរួចក៏ស៊ីញ៉ូបត់ឆ្វេងចូលផ្លូវលេខ៤៥។ ស្របពេលនោះម៉ូតូរងគ្រោះពីត្បូងមកជើងស្រាប់តែមកដល់ចំណុចកើតហេតុដោយរថយន្ដបង្កជាន់ហ្វ្រាំង មិនទាន់ក៏ជ្រុលទៅបុកកិនម៉ូតូរងគ្រោះ តែជនរងគ្រោះជាម្ចាស់ម៉ូតូបានប្លោងចេញផុត ទើបមិនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះឡើយ។ ចំណែកម៉ូតូត្រូវរងការខូចខាតដោយវៀចខ្នងកង់មុខទាំងស្រុង។
ក្រោយកើតហេតុអ្នកបើកបររថយន្ដមិនបានចុះពីរថយន្ដ ដើម្បីសម្របសម្រួលនោះទេគ្រាន់តែរវៃកញ្ចក់រថយន្ដចុះ ហើយប្រាប់ជនរងគ្រោះថា យកម៉ូតូទៅជួសជុលទៅ ចាត់ទុកថា ស្មើគ្នា គាត់មិនរករឿងអីទេ។ ដោយឡែកជនរងគ្រោះបានស្នើសុំឲ្យអ្នកបើកបររថយន្ដរូបនោះជួយចេញសងថ្លៃខូចខាតឬជួយជួសជុលម៉ូតូរបស់គាត់ដើម្បីបញ្ចប់រឿង។ ប៉ុន្តែម្ចាស់រថយន្ដបង្ករមិនព្រមសងនោះទេនិងទាមទាឲ្យសមត្ថកិច្ចយករថយន្ដនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
លុះក្រោយមក ទើបក្រុមគ្រួសាររបស់រថយន្ដបង្កបានមកដល់កន្លែងកើតហេតុ ជួយសម្រុះសម្រួល និងឯកភាពព្រមសងថ្លៃខូចខាតដោយឲ្យជនរងគ្រោះយកម៉ូតូទៅធ្វើគាត់និងចេញប្រាក់ឲ្យ ដើម្បីបញ្ចប់រឿងតែម្ដងទៅ ដើម្បីកុំរំខានដល់កម្លាំងសមត្ថកិច្ច៕
ដោយ៖ វិបុល