ខេត្តរតនគិរី៖ លំនៅឋានមួយកន្លែងត្រូវបានរុះរើដោយសារម្ចាស់ផ្ទះជំពាក់បំណុលធនាគារអេស៊ីលីដា ហើយពន្យារពេលជាច្រើនឆ្នាំ ត្រូវតុលាការខេត្តរតនគិរី សម្រេចចេញដីកាឲ្យរុះរើ ។
ការចុះអនុវត្តន៍ដីកានេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ ភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ដីកាសម្រេចបង្គាប់ឲ្យប្រគល់អចលនវត្ថុលេខ ១១/១៥ ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តរតនគិរី ដែលមានខ្លឹមសារដូចតទៅ ។
បង្គាប់ឲ្យឈ្មោះ អ៊ុន សារិត្យ, ទូច ណៃហេង និងមាស សុភាព ដែលជាកូនបំណុល នៃការអនុវត្តន៍ប្រគល់អចលនវត្ថុ ដែលមានប័ណ្ណសំគាល់សិទិ្ធកាន់កាប់អចលនវត្ថុលេខ រ.គ ០០៤៥៩៣ទៅឲ្យឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ខណៈនោះ លោក មាសសុភាព និងលោក អ៊ុនសារិត្យ ក៏បានប្តឹងជំទាស់នឹងដីកាសម្រេចបង្គាប់ឲ្យប្រគល់អចលនវត្ថុលេខ ១១/១៥ ចុះថ្ងៃទី ១០ខែមីនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តរតនគិរី ។
សាលាដំបូងក៏បានច្រានចោល ហើយឈ្មោះទាំងពីរបានប្តឹងជំទាស់ដល់សាលាឧទ្ធរណ៍ទៀត តែត្រូវសាលាឧទ្ធរណ៍ច្រានចោលផងដែរ ។ ដូច្នេះអ្នកទាំងពីរពុំមានសិទ្ធិក្នុងការប្តឹងជំទាស់លើដីកាសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ម្យ៉ាងវិញទៀតសំណុំរឿងនេះត្រូវបានបញ្ចប់ទៅហើយ ដោយតុលាការតម្រូវឲ្យមន្ទីរសុរិយោដីផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកទិញរួចរាល់ដែរ ។
បើតាមការឲ្យដឹងពីលោក លី សុវណ្ណារ៉ា បានថ្លែងថា ខ្លួនជាអ្នកទិញដីដែលតុលាការរឹបអូសតែប៉ុណ្ណោះមិនបានទៅរំលោភយកដី ឬអចលនវត្ថុរបស់គេទេ ។
ដីដែលមានទំហំ ទទឹង៥ ម៉ែត្រ បណ្តោយ៣៧ ម៉ែត្រ និងមានសំណង់ផ្ទះឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx២០ម៉ែត្រ ត្រូវលោក អ៊ុនសារិត្យ នឹងអ្នកស្រី ទូចណៃអេង បានលក់ដីនេះទៅឲ្យឈ្មោះ មាស សុភាព ហើយលោកមាស សុភាព បានយកលិខិតផ្ទេរសិទ្ធិកាន់កាប់ដីទៅដាក់បញ្ចាំធនាគាអេស៊ីលីដាចំនួន២ម៉ីនដុល្លារអាមេរិក ដោយយកប្រាក់មករកស៊ី(ដែលមានកិច្ចសន្យាខ្ចីប្រាក់ពីធនាគាអេស៊ីលីដាចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ) មិនដែលបង់ឲ្យធនាគារឡើយ ។ ហេតុដូចនេះធនាគារមានសិទ្ធិប្តឹងលក់អចលនវត្ថុទៅតាមច្បាប់ ។
ដីកាសម្រេចបង្គាប់អចលនវត្ថុនេះបានដឹកនាំដោយលោក សួ ឡា ប្រធានសាលាដំបូងខេត្តរតនគិរី នឹងលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចៅក្រមព្រមទាំងសមត្តកិច្ចកងរាជអាវុធហត្ថខេត្តក្រុងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះរុះរើផ្ទះមួយកន្លែងនេះតាមការអនុវត្តពីតុលាការ ៕
ដោយ៖ អ៊ុចសាវុទ្ធ