ខេត្តកណ្តាល៖ រថយន្តពីរ គ្រឿងបានពន្លះគ្នាមួយប្រះខ្លួនដេកនិងមួយគ្រឿងទៀតជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ខូចខាតយ៉ាដំណំ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
សាក្សីឃើញហេតុការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ រថយន្តដែលក្រឡាប់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 3C 4166 ដឹកអង្ករចំនួន១៥តោន ទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 3B 3161 ជាប្រភេទរថយន្តស្ទូច កំពុងចតស្ងៀមនៅខាងមុខកន្លែងលក់នំបញ្ចុកឆ្ងាញ់ ដោយម្ចាស់ចូលហូបនំបញ្ចុកហើយចតរថយន្ត ស្របផ្លូវលេខ៦ ។
ប្រភបន្តថា បន្ទាប់មកគេឃើញរថយន្តដឹកអង្ករបើកបោះពួយយ៉ាងលឿនមកពីទិសខាងជើង តាមផ្លូវលេខ៦ លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកអង្ករបានគេចនឹងរថយន្តតូចមួយគ្រឿងទៀត ហើយក៏ជ្រុលមកបុករថយន្តស្ទូចពេញទំហឹង បណ្តាលឱ្យប្រះដេកខ្លួនឯង ហើយធ្លាក់អង្កររាយប៉ាយពេញផ្លូវតែម្តង ។
ប្រភពបន្តថា ទោះយ៉ាងណា គ្រោះថ្នាក់នេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ គ្រាន់តែ រថយន្ត និងសម្ភាររងការខូចខាតយ៉ាងដំណំប៉ុណ្ណោះ ។
ប្រភពបន្តថា ពេលរថយន្តដឹកអង្ករបុករថយន្តស្ទូច រថយន្តបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋលក់គ្រឿងសំណង់ឱ្យរងការខូចខាតមួយល្វែងខាងមុខយ៉ាងដំណំ ។
សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍បានឱ្យម្ចាស់រថយន្តទាំងសងខាងមកសម្របសម្រួលដោះស្រាយសំណងដល់ម្ចាស់ផ្ទះលក់គ្រឿងសំណង់ ចំណែករថយន្តស្ទូចមិនឱ្យសងសំណងទេ ដោយឃើញស្ថានភាពរថយន្ត ដឹកអង្ករមានលក្ខណៈធ្ងន់ពេក។
គួរបញ្ជាក់ផងដែថា ម្ចាស់រថយន្តដឹកអង្កឈ្មោះ ជួន វិចិត្រ អាយុ៣៥ឆ្នាំ ស្នាក់នៅ ភូមិ ឃុំ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែករថយន្តស្ទូច តៃកុងឈ្មោះ នួន ហយ អាយុ៥៥ឆ្នាំ ស្នាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល ៕
ដោយ៖ ឡូ សំអាត