កណ្តាលៈ រថយន្តយីឌុប១គ្រឿង ដែលដឹកទំនិញលោភលន់ពេកបានជួបគ្រោះថ្នាក់ក្រឡាប់នៅចិញ្ចើមផ្លូវជាតិលេខ១ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ សូម្បីតែអ្នកបើកបរក៍មិនមានគ្រោះថ្នាក់ដែរខូចខាតតែរថយន្តប៉ុណ្ណោះ ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៥_៣៦ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តដែលជួបគ្រោះថ្នាក់ជាប្រភេទរថយន្តដឹកទំនិញយីឌុប ៥ភ្លៅ ដឹកពោត
ក្រហមទម្ងន់៤០តោនសម្រាប់កិនលាយធ្វើចំណីសត្វ ។
កម្មករម្នាក់ដែលកំពុងលីបាវពោតយកទៅដាក់រថយន្ត១គ្រឿងទៀតបានអោយដឹងថា មុនពេលកើតហេតុរថយន្តដែលជួបគ្រោះបានដឹកពោតក្រហមយកមកដាក់នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ។ ពេលមកដល់មុខផ្លូវចូល អ្នកបើកបរបានបើកថយក្រោយដើម្បីយកពោតក្រហមដាក់ចូលទៅក្នុងកសិដ្ឋាន ។ ដោយសារតែការបើកថយក្រោយមិនចំកណ្តាលផ្លូវចូល គ្រានោះអ្នកបើកបរបានបើកឡើងទៅលើផ្លូវជាតិវិញតែឡើងមិនរួចព្រោះផ្លូវចោទ បណ្តាលអោយរថយន្តរអិលទៅក្រោយក្រឡាប់ផ្ងាជើងតែម្តង ដោយឡែកអ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា ករណីគ្រោះថ្នាក់នេះមិនមានមនុស្សណាម្នាក់រងគ្រោះនោះឡើយដូច្នេះមិនបាននាំយករថយន្តបង្កមកកាន់ អធិការ ដ្ឋាននគរបាលស្រុកឡើយ ទុកអោយខាងម្ចាស់រថយន្តដោះស្រាយខ្លួនឯង ៕ សណ្តោស