ក្រុមជនជាតិរ៉ូហ៊ីងយ៉ាងដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស នឹងត្រូវបញ្ចូនត្រឡប់មកកាន់មីយ៉ាន់ម៉ាវិញក្រោយកិច្ចព្រមព្រៀង រវាងរដ្ឋាភីបាលប្រទេសទាំងពីរ លើបញ្ហាជនភៀសខ្លួន។ ប៉ុន្តែការបញ្ចូនត្រឡប់មកវិញ នោះគឺក្រុមជនជាតិ រ៉ូហីងយ៉ានឹងរស់នៅក្នុងជុំរុំដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាបានសាងសង់។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសឲ្យដឹងថា ការសាងសង់ជំរំមួយដែលមាន ៣ ម៉ឺនកន្លែង ទុកទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាបណ្តោះអាសន្ន នៅពេលវិលត្រឡប់ពីប្រទេសបង់ក្លាដែស នៅខណៈពេលដែល ភូមានិងបង់ក្លាដែស កំពុងពិភាក្សា គ្នា ដើម្បីរិះរកមធ្យោបាយ នៅក្នុងការអនុវត្តន៍លើកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍របស់ជនជាតិភាគតិច រ៉ូហ៊ីងយ៉ាដែលភៀសខ្លួននៅបង់ក្លាដែស ដើម្បីគេចពីអំពើហិង្សានៅក្នុងភូមា។
ក្រុមអ្នកទទួលខុសត្រូវភូមានិងបង់ក្លាដែស បានធ្វើការ រួមប្រជុំគ្នានៅទីក្រុង.Naypydaw ក្នុងរដ្ឋធានីភូមានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នា រិះរកមធ្យោបាយនៅក្នុងការអនុវត្តន៍លើកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ កិច្ចព្រមព្រៀងនេះ ដែលត្រូវបានចុះហត្ថលេខា រវាងភូមានិងបង់ក្លាដែសកាលពីថ្ងៃទី២៣វិច្ឆិកាឆ្នាំមុន។
បើយោងតាមកាសែតផ្លូវការភូមា ឈ្មោះ “New Light Of Myanmar” ជំរំជនភៀសខ្លួនមួយ កំពុងត្រូវបានគេសាងសង់នៅ តំបន់ Hla Po khaung ក្នុង ភាគខាងជើងនៃរដ្ឋ រ៉ាឃីន (RaKhine )។ ជំរំនេះ គឺទុកដើម្បីទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណជា៣ម៉ឺននាក់ស្នាក់នៅបណ្តោះអាសន្ននៅពេលពួកគេវិលត្រឡប់មកពីប្រទេសបង់ក្លាដែសវិញ។ កាសែតផ្លូវការភូមាដដែលនេះ បានបញ្ជាក់លំអិតទៀតថា នៅក្នុងខណៈនេះ អគារលើកទីមួយដែលមានចំនួន ១០០ខ្នង នឹងត្រូវបញ្ចប់ការសងសង់នៅចុងខែមករានេះហើយ។
ដោយឡែក បើតាមការអះអាងរបស់អ្នកសម្របសម្រួលនៃទីភា្នក់ងារទទួលបន្ទុកកិច្ចការមនុស្សធម៌ភូមាវិញ ដែលបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ជំរំនោះគឺទុកជាចំណុចឆ្លងកាត់មួយរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលនឹងត្រូវស្នាក់នៅជាបណ្តោះអាសន្នចំនួន១ខែឬក៏២ខែសិន មុននឹងវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួននៅភូមា។
ក៏ប៉ុន្តែនៅមុនពេលដែលអាជ្ញាធរភូមា រៀបចំទទួលអោយស្នាក់នៅក្នុងជំរំ Hla Po khaung នោះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាបឋម ត្រូវផ្តល់ភ័ស្តុតាង អោយបានគ្រប់គ្រាន់ ដែលអាចបញ្ជាក់ច្បាស់ថា ពួកគេពិតជាធ្លាប់បានរស់នៅភូមាពិតមែន។ ប៉ុន្តែ បើយោងតាម អ្នកសម្របសម្រួលនៃទីភ្នាក់ងារទទួលបន្ទុកកិច្ចការមនុស្សធម៌របស់ភូមាវិញ បញ្ហានេះ ពុំមែនជាការងាយស្រួលនោះឡើយ ដោយហេតុថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ភាគច្រើន ពុំមានអត្តសញ្ញាប័ណ្ឌដែលអាជ្ញាធរភូមាបានចេញអោយនោះឡើយ ។ គួរបញ្ជាក់ដែរថា អត្តសញ្ញាប័ណ្ឌនោះ ពុំចាត់ទុកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាពលរដ្ឋរបស់ភូមាទេ។ ទន្ទឹមនោះដែរ អ្នកសម្របសម្រួលនៃភ្នាក់ងារទទួលបន្ទុកកិច្ចការមនុស្សធម៌ភូមា ក៏បានថ្លែងដែរថា “ភូមានឹងសាកល្បងទទួលយកជនភៀសខ្លួនណាដែលនឹងវិលត្រឡប់ចូលមកក្នុងប្រទេសភូមាវិញ”៕