ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ កម្ពុជា នឹងមានភ្លៀងកក់ខែ ដោយទទួលខ្យល់បោកបក់មកពីទិសខាងកើត (មកពីសមុទ្រចិនខាងត្បូង)។ បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា កម្ពុជា បាន និងកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយកាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឲ្យដឹងថា កម្ពុជានឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃសុក្រ ទី១៩ ដល់ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨នេះ ពិសេសបណ្ដាខេត្តប៉ែកខាងកើត ជាប់ប្រទេសវៀតណាម និងបណ្ដារាជធានី-ខេត្តនៅភាគខាងត្បូង រួមមានដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពត ៕
ដោយ៖ ប្រាថ្នា