ភ្នំពេញ៖លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និយាយនៅថ្ងៃទី១៧ ខែមករា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចថាអនុញ្ញាតឬមិនអនុញ្ញាតឱ្យអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលជួបលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង នោះទេ។
លោកថាលេខាធិការដ្ឋានរដ្ឋបាលបានទទួលលិខិតនេះហើយបញ្ជូនទៅលោកចៅក្រមស៊ើបសួរដើម្បីពិនិត្យអំពីការស្នើសុំនេះ។
លិខិតលោកម៉ៅ មុនីវណ្ណ បញ្ជាក់ថា រូបលោក រួមទាំង អតីតតំណាងរាស្ត្រ៤រូបទៀត មានលោកអ៊ូ ច័ន្ទរ័ត្ន លោកជាម ចន្នី លោកកង គឹមហាក់ និងលោកស្រី តែ ច័ន្ទមុនី រួមទាំងសហការី ១០រូបទៀត បានស្នើសុំការអនុញ្ញាត ដើម្បីចូលជួបសួរសុខ ទុក្ខលោកកឹម សុខា នៅព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០១៨ ខាងមុខ។ លិខិតនេះ បានចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី១៦ ខែមករា ។
ជាការកត់សម្គាល់ ការស្នើសុំចូលជួបសួរសុខទុក្ខលោកកឹម សុខា ពេលនេះ ធ្វើឡើងបន្ទាប់ពី មានតម្រុយពីភាពប្រេះស្រាំផ្ទៃក្នុង នៃក្រុមអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកសម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិដោយមិនឆ្លងយោបល់ពីលោក កឹម សុខា៕
ដោយ៖ ចេស្តា