ការប្រគួតកីឡា អូឡាំពិករដូវរងាបានខិតជិតមកដល់ ហើយ កម្លាំងប៉ូលិស កូរ៉េខាងត្បូង បានត្រៀមលក្ខណះរួចរាល់ សម្រាប់ការពារ ទស្សនិកជនគាំទ្រកីឡា និង ក្រុមអ្នកទេសចរណ៍មកចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។
ការពង្រឹងសន្តិសុខដោយខ្លាច មានក្រុមភេរវកម្មបន្លំខ្លួនវាយប្រហារ បង្ករឲ្យមានភាពចលាចលកើតឡើង ។ ក្រុមភេរវកម្ម តែងតែសម្តៅទៅលើព្រឹត្តិការណ៍សំខាន់ៗសម្រាប់វាយប្រហារ។ បើទោះបីកន្លងមកកូរ៉េខាងត្បូង មិនដែលជួបរឿងវាយប្រហារភេរវកម្ម ប៉ុន្តែ ការការពារគឺជារឿងចាំបាច់បំផុត ដល់ក្រុមកីឡាករនិង អ្នកគាំទ្របរទេស។
ប៉ូលីសរបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែរៀបចំត្រៀមខ្លួន ដើម្បីបង្កើនកិច្ចការពារសន្តិសុខ សម្រាប់ពលរដ្ឋកូរ៉េខាងជើង ដែលធ្វើដំណើរមកចូលរួម ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារ ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង នាខែក្រោយនេះ។
ការត្រៀមរៀបចំនេះ ត្រូវបានធ្វើឡើងស្របពេលដែលមានការប៉ាន់ស្មានថា ប្រទេសកូរ៉េខាងជើង នឹងបញ្ជូនមនុស្សរាប់រយនាក់ ដែលរួមមានអត្តពលិក មន្ត្រី អ្នកអបអរសាទរ ក៏ដូចជាអ្នករាយការណ៍ និងអ្នកសម្តែង ឲ្យមកចូលរួមកីឡាអូឡាំពិក ក្នុងក្រុង Pyeongchang ដែលមានចម្ងាយប្រហែល៥០ម៉ាយ ចេះពីព្រំដែន។
យោងតាមប្រភពព័ត៌មាន ពីកាសែតអាមេរិក UPI កាលពីថ្ងៃចន្ទម្សិលមិញនេះ លោក Lee Cheol-seong ជាមេប៉ូលីសជាតិបាននិយាយថា មន្ត្រីសន្តិសុខ នឹងចាប់ផ្តើមប្រតិបត្តិការ នៅតាមផ្លូវច្រកចូលកន្លែងប្រកួតកីឡាអូឡាំពិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ដើម្បីត្រៀមសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងជើង៕
ដោយ៖ មែវ សាធី