ភ្នំពេញ៖បុរសម្នាក់ដែលកិបកេងប្រាក់ក្រុមហ៊ុនKSLMជាងមួយម៉ឺនដុល្លារអាមេរិក ត្រូវបានលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់នគរបាលខណ្ឌ៧មករា ។
ជនសង្ស័យឈ្មោះ ឈឹម ហាក់ស៊ីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក ផ្នែកលក់របស់ក្រុមហ៊ុន KSLM មានទីលំនៅផ្ទះលេខ ៨E0 ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យត្រូវបានសម្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុន KSLM មានទីលំនៅផ្ទះលេខ១៥E0 ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នន់ ប្រសើរ ជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន KSLM ដោយចោទប្រកាន់ជនសង្ស័យថា បាន យកសម្ភាររបស់ក្រុមហ៊ុនទៅលក់ កិបកេងមិនព្រមបង្វិលលុយចូលក្រុមហ៊ុនវិញ ចំនួន ១៦,០៦៥ដុល្លារ។
ពាក់ព័ន្ធការដោះលែងនេះ ពុំទាន់ទទួលបានការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ ៕
ដោយ៖ ចេស្តា