ភ្នំពេញ៖ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី កោះអញ្ជើញ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើជាសាក្ស៊ី នៅក្នុងសំណុំរឿង ក្បត់ជាតិរបស់លោក កឹម សុខា។
តុលាការកំណត់ឱ្យ លោក ឈឹម ផលវរុណ ចូលបំភ្លឺ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទីព្រឹក នៅជាន់ទី៣ បន្ទប់”គ” នៃសាលាដំបូងរាជធានីភ្នំពេញ។ លោក ឈឹម ផលវរុណ ត្រូវនាំទៅជាមួយ នូវឯកសារផ្សេងៗដែលទាក់ទងនឹងករណីនេះ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស “ក្បត់ជាតិ”ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ “សន្និដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕
ដោយ៖ ចេស្តា