ភ្នំពេញ៖ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង លោក មឿន តុលា ត្រូវបានលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលារាជធានីភ្នំពេញ ចោទប្រកាន់ពីបទ”រំលោភលើទំនុកចិត្ត”តាមមាត្រា៣៩១និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងតាមបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ដោយស្នើឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស៊ើបអង្កេតស្វែងរកការពិតលើ គណៈកម្មការចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសពលោកបណ្ឌិត កែម ឡី។
ការប្តឹងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីម្តាយ និងប្អូនប្រុសសពលោក កែម ឡី បានលើកឡើងពីការបាត់បង់ថវិកា និងមិនទទួលបានថវិកាពីពិធីបុណ្យសព ដែលមានប្រជាពលរដ្ឋបានចូលបុណ្យយ៉ាងច្រើននោះ។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់លោក គុជ គឹមឡុង បង្ហាញថា បន្ទាប់ពីបានពិនិត្យសំណុំរឿង និងភស្តុតាងដែលបានដាក់ដោយ លោក ពេជ្រ ស្រស់ លោកក៏បានសម្រេចចោទប្រកាន់បុគ្គលទាំង ៣អង្គ/រូបនេះ ពីបទរំលោភលើទំនុកចិត្ត ហើយក៏បានបញ្ជូនសំណុំរឿងទៅកាន់ ចៅក្រមស៊ើបសួរផងដែរ។
នៅក្នុងដីកាសន្និដ្ឋានរបស់លោក គុជ គឹមឡុងបានគូសបញ្ជាក់ថា ព្រះតេជគុណ ប៊ុន ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ និងក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើសកុំឲ្យកើតមានជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី៕