ភ្នំពេញៈ ២នាក់មីងនឹងក្មួយ បានស្លាប់យ៉ាងអាណោចអាធ័មនៅហ្នឹងកន្លែងកើតហេតុ នឹងក្មេងប្រុសម្នាក់ទៀតត្រូវជាកូនស្ត្រីរងគ្រោះ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរដ៍រន្ធត់បង្កឡើងដោយរថយន្តដឹកថ្មបែកកង់មុខហើយរេចង្កូតបុករះម៉ូតូ៥គ្រឿងនិងរថយន្ត១គ្រឿងកាលពីវេលាម៉ោង៨,៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៣៦៩ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះឆែម រតនៈ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ស្លាប់នៅកន្លែងកើតហេតុ ជាមួយក្មួយស្រីឈ្មោះពេជ្រ វ៉ាន់លីដា អាយុ៣ឆ្នាំ ចំណែកកូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះរងរបួសធ្ងន់មានឈ្មោះ តុល ចាក់រ៉ូណា អាយុ៣ឆ្នាំ ។
រថយន្តបង្កជាប្រភេទរថយន្តដឹកថ្មម៉ាកនីសាន់ ពណ៍ផ្កាឈូក បើកបរដោយឈ្មោះឈុំ ណែម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមមន្ត្រីផែនចរាចរនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានអោយដឹងថា ជុំវិញករណីចរាចរណ៍នេះបង្កឡើងោយរថយន្តដឹកថ្មមួយគ្រឿងដែលបើកបរតាមបណ្តោយផ្លូវ ៣៦៩ ទិសដៅពីភ្នំពេញទៅស្រុកស្អាង ស្រាប់តែមកដល់កន្លែងកើតហេតុក៍រេចង្កូតទៅបុករះម៉ូតូ៥គ្រឿងដែលចតនៅមុខហាងគុយទាវហើយបន្តជ្រុលបុករថយន្តដឹកដី១គ្រឿងទៀតដែលចតបញ្ច្រាស់ទិសចរាចរ ហើយរថយន្តបង្កបានក្រឡាប់នៅមុខផ្ទះប្រជាពលរដ្ឋចំណែកអ្នកបើកបររថយន្តបង្កត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច ។ ក្នុងហេតុការគ្រោះថ្នាក់ចរាចរនេះដែរ ស្ត្រីម្នាក់និងកកមួយស្រីដែលអង្គុយលើម៉ូតូចាំយកគុយទាវទៅផ្ទះត្រូវរថយន្តកិនស្លាប់ ចំណែកកូនប្រុសបង្កើតស្ត្រីរងគ្រោះរងរបួសធ្ងន់ ។
បើតាមសំដីអ្នកបើករថយន្តនិយាយប្រាប់សមត្ថកិច្ចបានបញ្ជាក់ រថយន្តបង្កដឹកថ្មមកពីភ្នំស្អាង យកទៅដាក់នៅការដ្ឋានធ្វើផ្លូវនៅស្អាងក្រោម ដោយបើកឆ្លងស្ពានព្រែកសំរោង ទៅតាមផ្លូវលេខ៣៦៩ ក្នុងទិសដៅពីច្បារអំពៅទៅស្អាង ពេលទៅដល់ចំនុចកើតហេតុស្រាប់តែកង់មុខខាងស្តាំបែក បណ្តាលអោយរេចង្កូតបុករះម៉ូតូ៥គ្រឿងដែលចតនៅមុខហាងគុយទាវ និងរថយន្តដឹកដី១គ្រឿង និងបុកមនុស្ស២នាក់ ដែលអង្គុយលើម៉ូតូចាំយកគុយទាវបណ្តាលអោយស្លាប់នៅលើម៉ូតូ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ចាក់ថាចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគឺមន្ត្រីជំនាញខណ្ឌច្បារអំពៅបានសហការជាមួយមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងត្រង់ចំណុចកើតហេតុ នឹងបានដកហូតយកម៉ូតូទាំង៥គ្រឿង រថយន្តបង្កហេតុ នឹងរថយន្តហ៉ីយ៉ាន់ដាយ យកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាធានីភ្នំពេញដើម្បីរកចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ហើយចំណែកតៃកុងរថយន្តបង្កក៏ត្រូវបានយកទៅឃុំខ្លួនបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា សាកសពស្ត្រីម្នាក់ដែលត្រូវជាមីង នឹងក្មេងស្រីតូចម្នាក់ដែលត្រូវជាក្មួយ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ដោយទីលំនៅជនរងគ្រោះស្ថិតនៅក្បែរកន្លែងកើតហេតុតែម្តង ចំណែកក្មេងប្រុសអាយុ៣ឆ្នាំដែលត្រូវជាកូនបង្កើតស្ត្រីរងគ្រោះរងបួសធ្ងន់ដឹកយកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យគុន្ធបុប្ផា ៕ សណ្តោស