កាលពីថ្ងៃទី១៨ខែមករា រដ្ឋាភិបាលប្រទេសមិចស៊ីកូ បានបញ្ជាក់ថា និងមិនចំណាយ ទៅលើគម្រោងសាងសង់ជញ្ជាំងព្រំដែន ជាមួយអាមេរិកនោះឡើយ ។
នៅក្នុងសេចក្តីប្រកាស រដ្ឋមន្ត្រីការបរទេសមិចស៊ីកូ បានបញ្ជាក់ថា ប្រទេសមិចស៊ីកូ កំពុងតែមានបញ្ហា ហឹង្សា ប៉ុន្តែ បានច្រានចោល ការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដែលបានចាត់ទុកមិចស៊ីកូជាប្រទេសគ្រោះថ្នាក់បំផុតលើពិភពលោក។
ក្រសួងការបរទេសមិចស៊ីកូ បានបញ្ជាក់ថា បញ្ហាហឹង្សាពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន អាវុធនិង លុយខ្មៅជា កាតព្វកិច្ចរួម ហើយបញ្ហាទាំងនោះនឹងត្រូវបញ្ចប់ នៅពេលដែលតម្រូវការប្រើប្រាស់នៅអាមេរិកត្រូវបញ្ចប់នោះ។
ពាក់ព័ន្ធនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិកខាងជើង(NAFTA)ដែលមាន មិចស៊ីកូ អាមេរិក និងកាណាដា។ ក្រសួងការបរទេសមិចស៊ីកូ បានបញ្ជាក់ថា ប្រទេសនេះនឹងបន្តពិភាក្សាដើម្បីផលប្រយោជន៍រួម ទាំងអស់គ្នា។
ប្រតិកម្មរបស់រដ្ឋាភិបាលមិចស៊ីកូកើតឡើងក្រោយពេលប្រធានាធិបតីអាមេរិកដូណាលត្រាំបានរិះគន់ NAFTA ហើយបញ្ជាក់ថាការកសាងជញ្ជាំងព្រំដែនជារឿងសំខាន់បំផុត ក្នុងការទប់ស្កាត់សកម្មភាពជួញដូរគ្រឿងញឿន ធានាសន្តិសុខ ហើយមិចស៊ីកូត្រូវតែចំណាយប្រាក់សម្រាប់គម្រោងខាងលើ។បើគ្មានជញ្ជាំងព្រំដែន គឺគ្មានកិច្ចព្រមព្រៀង ពាណិជ្ជកម្ម។
មិចស៊ីកូជាប្រទេស រងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែការជួញដូរគ្រឿងញៀន ។ ក្នុងរយៈពេល ១ទសវត្សន៍កន្លងមក សង្គ្រាមប្រឆាំងគ្រឿងញៀន និងការសងសឹកគ្នាទៅវិញទៅមករវាងក្រុមជួញដូរគ្រឿងញៀនបានសម្លាប់មនុស្សយ៉ាងតិច១៥០.០០០នាក់ និងជាង៣០ពាន់នាក់បាត់ខ្លូន៕
ដោយ៖ មែវ សាធី