អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានប្រកាសថា៖ ប្រសិនបើប្រធានាធិបតីដូណាលត្រាំនិងគណបក្សសាធារណរដ្ឋព្រួយបារម្ភ ពីការការពារអាសន ភាគច្រើននៅក្នុងសភា នៅការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកា ខាងមុខ គឺនៅមានបញ្ហាជាច្រើនទៀតដែលត្រូវ បារម្ភ ។
នៅពេលនេះ អតីតប្រធានាធិបតីអូបាម៉ា បានឡើងគម្រោងវិលត្រឡប់មកកាន់ឆាកនយោបាយវិញ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិនៅពេលខាមុខ ។ ក្រុមជំនួយការរបស់អតីតប្រធានាធិបតី អូបាម៉ា បានបញ្ជាក់ថា៖ « លោកអូបាម៉ា និង បន្តសកម្មភាពនយោបាយយ៉ាងសកម្មបំផុតនៅក្នុងឆ្នាំ២០១៨នេះ ដោយមានការឃោសនា ស្វែងរកការគាំទ្រ កាន់តែច្រើន។
កាលពីឆ្នាំ២០១៧ លោកអូបាម៉ា បានចំណាយពេល ទាំងអស់សម្រាប់គ្រួរសា និងដំណើរកម្សាន្ត នៅគ្រប់ទិសទី ។ ប៉ុន្តែលោកអូបាម៉ាតែងតែបញ្ជាក់ថា៖ លោក មិនទុកនយោបាយនៅខាងក្រោយនោះឡើយ គឺតែងតែដាក់នៅមុខជានិច្ច។
នៅមុនពេលចាកចេញពីតំណែង អតីតប្រធានាធិបតី អូបាម៉ា បានសន្យាថា នឹងរក្សាការងាពាក់ព័ន្ធនិងនយោបាយ និងធ្វើការដើម្បីការពារស្នាដៃរបស់លោកដែលបានខិតខំ ពេលកាន់តំណែងប្រធានាធិបតីអាមេរិក ក្នុងនោះមានបញ្ហាជនអន្តោប្រវេសន៍ កិច្ចព្រមព្រៀងនានា និងកម្មវិធី សុខាភិបាល អូបាម៉ាឃែរជាដើម។ ជាមួយគ្នានេះ លោកអូបាម៉ា បានថ្កោលទោស ប្រធានាធិបតីត្រាំ ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស។
ក្នុងពេលដែល ការគាំទ្រប្រធានាធិបតីត្រាំ ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំទី១នៃអាណាត្តិ៤ឆ្នាំរបស់លោក ចំណែកអូបាម៉ាវិញ បែរជាទទួលបានការគាំទ្រខ្ពស់ មិនធ្លាប់មាន សម្រាប់អតីតប្រធានាធិបតីដែលបានចូលនិវត្តន៍ គឹមានការគាំទ្ររហូតដល់៦០ភាគរយ។
ដូច្នេះការបង្ហាញវត្តមានរបស់លោកអូបាម៉ានៅក្នុងឆាកនយោបាយអាមេរិកគឺជា ឧបស័គ្គយ៉ាងធំ សម្រាប់ ប្រធានាធិបតីត្រាំ ពិសេសគឺការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ប្រសិនបើ គណបក្សសាធារណរដ្ឋកាន់អំណាចបាត់បង់សម្លេងភាគច្រើននោះ លោកត្រាំនឹងពិបាកនៅក្នុងការសម្រេចគោលនយោបាយ របស់លោក ដោយការសម្រេចគឺស្ថិតនៅលើ គណបក្សប្រជាធិបតេយ្យទៅវិញ៕
ដោយ៖ មែវ សាធី