មិនត្រឹមតែអ្នកផ្សេងទេ សូម្បីតែអ្នកគាំទ្របក្សសង្គ្រោះជាតិភាគច្រើនសុទ្ធតែគក់ទ្រូងស្ទើរ បែក និងហួសចិត្តជាពន់ពេកដែលឃើញលោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចស្រាប់តែសុខៗ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិពីក្រៅប្រទេស។ ចលនានេះមិនត្រឹមតែជាការបំផ្លាញ អតីតបក្សសង្គ្រោះជាតិតែប៉ុណ្ណោះទេ តែវាក៏ជាអន្ទាក់ដែលនាំទុក្ខទោសដល់អ្នកគាំទ្រអតីតបក្ស នេះថែមទៀតផង។
ជាការពិតថា លោក សម រង្ស៊ី ស្ថិតក្នុងភាពទ័លច្រកដោយសារតែបក្សប្រឆាំងមួយនេះ បានរលាយសាបសូន្យទៅដោយរលូន គឺមិនដូចអ្វីដែលអតីតមេបក្សចាកចោលតំណែងទាំង សោកស្តាយរូបនេះរំពឹងទុកនោះទេ។ ដំបូងឡើយលោក សម រង្ស៊ី អះអាងថា តុលាការមិនហ៊ាន រំលាយបក្សសង្គ្រោះជាតិទេ។ តែក្រោយការរំលាយ មេបក្សខ្វះយុទ្ធសាស្ត្ររូបនេះបានកែមក និយាយថា គេរំលាយបក្សសង្គ្រោះជាតិបានតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែស្មារតីនៃគណបក្ស នេះមិនរលាយទេ។ លោក សម រង្ស៊ី ថែមទាំងស្រែកក្តែងៗពីក្រៅប្រទេសថា គណបក្សសង្គ្រោះ ជាតិនឹងរស់ឡើងវិញទៀតផង។ ប៉ុន្តែ ចុងក្រោយនេះ អ្នកនយោបាយដែលមិនខ្វះពាក្យដោះសារ រូបនេះសុខចិត្តទទួលស្គាល់ថា បក្សសង្គ្រោះជាតិរលាយហើយ រីឯមេបក្ស និងមន្ត្រីបក្សបែកបាក់ ខ្ចាត់ខ្ចាយ ចំណែកសកម្មជន និងអ្នកគាំទ្រក៏តែលតោលអស់សង្ឃឹម….ក្នុងក្តីស្រមៃរវើរវាយ ថា ចង់លើកទឹកចិត្តអ្នកគាំទ្រឡើងវិញ លោក សម រង្ស៊ី ក៏ដេកយល់សប្តិឃើញរូបមន្តមហាចង្រៃ គឺ ការបង្កើតចលនាសង្គ្រោះជាតិពីក្រៅស្រុក។ ទាំងលោក សម រង្ស៊ី ទាំងលោក អេង ឆៃអ៊ាង ខំស្រែក ក្តែងៗ ដើម្បីបញ្ចុះបញ្ចូលពលរដ្ឋខ្មែរនៅក្រៅស្រុកឲ្យជឿថា ចលនានេះអាចធ្វើឲ្យបក្សសង្គ្រោះ ជាតិរស់ឡើងវិញ។ ប៉ុន្តែ តាមការពិត មិនមែនដូច្នោះឯណា ចលនានេះ គឺជារណ្តៅកប់សាកសព របស់បក្សសង្គ្រោះជាតិទៅវិញទេតើ។
ហេតុអ្វីបានជាគេអាចនិយាយដូច្នេះ?
ទី១៖ ការបង្កើតចលនានេះមានន័យថាជាការទទួលស្គាល់ការរលាយសាបសូន្យរបស់បក្សសង្គ្រោះ ជាតិ។
ទី២៖ ចលនានេះបានវាយបំបែកអតីតមន្ត្រី និងសកម្មជន អ្នកគាំទ្របក្សសង្គ្រោះជាតិឲ្យបែកបាក់ យ៉ាងធ្ងន់ធ្ងរ និងបានញែកក្រុមលោក សម រង្ស៊ី ចេញពីក្រុមលោក កឹម សុខា យ៉ាងច្បាស់ក្រឡែត។ មិនត្រឹមតែក្រុមលោក កឹម សុខា ទេ សូម្បីក្រុមរបស់ លោក សម រង្ស៊ី ខ្លួនឯងមួយចំនួនក៏មិន ចូលរួមក្នុងចលនានេះដែរ។
ទី៣៖ ចលនាសង្គ្រោះជាតិគឺជាអន្ទាក់សម្រាប់ទាក់កសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនឲ្យធ្លាក់ក្នុង គន្លងនៃបទល្មើស ហើយត្រូវប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់។ តើអ្នកណាហ៊ានចូលរួម ក្នុងចលនាឧទ្ទាមក្រៅច្បាប់មួយនេះ? ដូច្នេះ ការរំពឹងរបស់លោក សម រង្ស៊ី ដែលថាចលនានេះ អាចធ្វើសកម្មភាពទូលំទូលាយហើយគ្មានអ្នកណាអាចរំលាយបាននោះ គឺជាការយល់ច្រលំ ទាំងស្រុងពីព្រោះចលនាខុសច្បាប់មិនអាចធ្វើអ្វីបានឡើយ។ មិនថាឡើយតែអ្នកនៅក្នុងស្រុក សូម្បីតែអ្នកដែលរត់ទៅក្រៅស្រុកទៅហើយនោះរាប់ទាំងលោក សម រង្ស៊ី អេង ឆៃអ៊ាង បក្សពួក ផង ក៏គង់គេចមិនផុតពីចំណាត់ការផ្លូវច្បាប់ដែរ។
ទី៤៖ ចលនានេះមានលក្ខណៈជាក្រុមឧទ្ទាមដែលមានបំណងញុះញង់ឲ្យមានអំពើហិង្សានៅក្នុង ប្រទេសដែលជាចលនាដ៏អាក្រក់ និងហួសសម័យ។ តើពលរដ្ឋខ្មែររូបណាដែលប្រាថ្នាចង់ឃើញ អំពើហិង្សា វឹកវរកើតឡើងក្នុងប្រទេសរបស់ខ្លួនជាថ្មីទៀតនោះ?
តើសហគមន៍អន្តរជាតិណាទៅ គាំទ្រចលនាឧទ្ទាមក្រៅច្បាប់ហើយមានបំណងបង្កអំពើហិង្សា បែបនេះ?
ទី៥៖ សម័យនេះ គេនាំគ្នាធ្វើនយោបាយនាំប្រជាជន និងនាំជាតិទៅរកសន្តិភាព និងការអភិវឌ្ឍ តាមរយៈការបោះឆ្នោត ប៉ុន្តែ ចម្លែកអ្វីតែ សម រង្ស៊ី និងបក្សពួកបែរជាធ្វើនយោបាយថយក្រោយ កន្លះសតវត្សរ៍ដោយបែរទៅបង្កើតចលនាឧទ្ទាមក្រៅច្បាប់ ដើម្បីដណ្តើមអំណាចតាមបែបហិង្សា ទៅវិញ?
សរុបទៅ ចលនាសង្គ្រោះជាតិគឺជាឧបករណ៍ប្រមូលកម្ទេចសាកសពបក្សសង្គ្រោះជាតិ យកទៅដាក់ក្នុងរណ្តៅយ៉ាងពិតប្រាកដ។ ទោះជាដោយចេតនា ឬអចេតនា ក៏អំពើរបស់លោក សម រង្ស៊ី ពេលនេះត្រូវបានមហាជនទូទៅមើលឃើញថា ពិតជាពិសពុលខ្លាំងណាស់ទាំងសម្រាប់ បក្សសង្គ្រោះជាតិ និយាយដោយឡែក និងទាំងសម្រាប់ប្រទេសជាតិទាំងមូលនិយាយជារួម។ លោក សម រង្ស៊ី ហាក់ដូចជាកំពុងវង្វេងវង្វាន់លែងដឹងខុសត្រូវ ហើយកំពុងនាំប្រជាជន និង ប្រទេសជាតិទៅរកគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
ជាតិជាអ្នកនយោបាយ ហេតុអ្វីបានជាដេករកនឹកឃើញតែយុទ្ធសាស្ត្រអាក្រក់ៗបែបនេះ? ឬមួយក៏ឈាមជ័ររបស់គាត់ជំរុញឲ្យគាត់នឹកឃើញតែអំពើអាក្រក់ៗបែបនេះ? គេនៅចាំបានថា លោក សម រង្ស៊ី បានដឹកនាំគណបក្សជាតិខ្មែរឲ្យរលាយ, គណបក្ស សម រង្ស៊ី ក៏រលាយ ឥឡូវបក្ស សង្គ្រោះជាតិរលាយសាបសូន្យមួយទៀត ហើយលោក សម រង្ស៊ី កំពុងប្រមែប្រមូលឆ្អឹងបក្ស សង្គ្រោះជាតិដាក់ក្នុងរណ្តៅដើម្បីកប់ចោលកុំឲ្យនៅសេសសល់អ្វីទាំងអស់។ ទីបំផុត សម រង្ស៊ី ខ្លួនឯងក៏គង់តែនឹងដើរចូលរណ្តៅដែលខ្លួនឯងជីកនោះដោយខ្លួនឯងជាមិនខាន។
មិនត្រឹមតែរលាយគណបក្សជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងមួយជីវិតនយោបាយរបស់ ខ្លួន លោក សម រង្ស៊ី ចេះតែរបៀបធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់ ដោយនាំ ប្រជាជនធ្វើបាតុកម្មហិង្សាឲ្យប្រជាជនលក់មាន់ លក់ទា ដីស្រែចំការដើម្បីចូលរួមបាតុកម្មជាមួយ លោក សម រង្ស៊ី។ ឱ! សម រង្ស៊ី អើយហេតុអីក៏ចង្រៃយ៉ាងនេះ? ដោយ កូនខ្មែរ