ខេត្ដបាត់ដំបង៖ សមត្ថកិច្ចថៃ បានបញ្ជូនក្រុមគ្រួសារសាច់ញាតិ ចំនួន៦នាក់របស់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់នារី ថៃម្នាក់នៅ ទីក្រុងបាងកកឱ្យត្រឡប់មកស្រុកកំណើតវិញដោយមិនអនុញ្ញាតឱ្យធ្វើការងារនៅប្រទេសថៃបន្ដទៀតឡើយ ។
ក្រុមសាច់ញាតិរបស់ជនសង្ស័យដែល អាជ្ញាធរថៃបានបញ្ជូនមកកាន់កម្ពុជា វិញនោះបានមកដល់កម្ពុជាកាលពីវេលា ម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៥ តាមច្រកអន្ដរជាតិដូង ក្នុងស្រុកកំរៀង ខេត្ដបាត់ដំបង ។
ប្រភពព័ត៌មានបញ្ជាក់ថា ជនសង្ស័យ ដែលរំលោភសម្លាប់ស្ដ្រីជនជាតិថៃនោះ ឈ្មោះ រិត សារ័ត្ន ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុក ថ្មគោល បានរំលោភនិងសម្លាប់នារី ជនជាតិថៃម្នាក់ ឈ្មោះ រុក គុណអៃរ៉ាដា អាយុ២៥ឆ្នាំ នៅទីក្រុងបាងកកកាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ។ ក្រោយពី ការំលោភសម្លាប់រួចជនសង្ស័យបានរត់ គេចខ្លួនមកស្រុកកំណើតវិញ ។ ក្រោយ មកក៏ត្រូវតុលាការថៃចេញដីកាបង្គាប់ ឱ្យតាមចាប់ខ្លួនហើយភាគីតម្រួតថៃក៏ បានសហការជាមួយកម្លាំងនគរបាល ខេត្ដបាត់ដំបងឃាត់ខ្លួននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ។ ក្រោយមកទៀត តុលាការក៏បានចេញដីកាបង្គាប់ឱ្យឃុំ ខ្លួនជាបណ្ដោះអាសន្នកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ។
ចំពោះក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យចំនួន៦នាក់ក្នុងនោះក៏មាន ស្ដ្រីជាម្ដាយម្នាក់ដែលបានធ្វើការងារ នៅទីក្រុងបាងកកដូចគ្នានោះត្រូវបាន អាជ្ញាធរថៃនិងតម្រួតថៃឃាត់ខ្លួនជា បណ្ដោះអាសន្នក្រោយពេលដែលជន សង្ស័យបានរត់គេចខ្លួននិងបន្ទាប់ពីឃាត់ ខ្លួនជនសង្ស័យបានហើយនោះខាងភាគី ថៃក៏បានបញ្ជូនអ្នកទាំង៦នាក់នោះមក កាន់ស្រុកកំណើតវិញតាមច្រកអន្ដរជាតិ ដូងក្នុងស្រុកកំរៀងឈប់ឱ្យធ្វើការងារនៅ ប្រទេសថៃទៀត ៕
ដោយ៖ វណ្ណា