ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការងារបូមទឹកបញ្ចូលអាង នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
លោករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា មកដល់ពេលនេះ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រុមការងាររបស់ក្រសួង បានតម្លើងម៉ាសុីនបូមទឹកខ្នាតមធ្យមជាង ៥០ គ្រឿង រួចមកហើយ និងកំពុងបន្តចុះពិនិត្យ និងឈានទៅតម្លើងជាបន្តបន្ទាប់ទៀត ។ ដោយឡែក នៅឃុំកំពង់អុសនេះ ក្រសួងបានតម្លើងចំនួន ០៧ គ្រឿង ហើយអាងមួយចំនួន ក៏ត្រូវបានបូមបំពេញរួចរាល់ហើយដែរ ។ ក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភនូវម៉ាស៊ីនបូមទឹកខ្នាតតូច (កម្លាំង ២៥សេស) ចំនួន ១០ គ្រឿង ដល់សហគមន៍កសិករក្នុងឃុំកំពង់អុស និងឃុំកោះចិន ស្រុកពញាឮ សម្រាប់បម្រើដល់ការងារស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ ។
បន្ទាប់ពីបានចុះពិនិត្យការងារបូមទឹកបញ្ចូលអាងនៅក្នុងឃុំកំពង់អុសរួចមក លោករដ្ឋមន្ត្រី បានបន្តដំណើរចុះពិនិត្យការដ្ឋានជួសជុលផ្លូវលំមួយខ្សែ ដោយក្រាលគ្រួសក្រហម ប្រវែង ១៥.៨០០ ម៉ែត្រ តភ្ជាប់ពីសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ទៅ ផ្លូវជាតិលេខ ៥ ដោយឆ្លងកាត់ឃុំឈ្វាំង ជ្រៃលាស់ ភ្នំបាត និងឃុំផ្សារដែក ស្រុកពញាឮ ។
សូមរំលឹកផងដែរថា ដោយពិនិត្យពីសភាពទ្រុឌទ្រោមរបស់ផ្លូវមួយខ្សែនេះ និងការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ លោករដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានសម្រេចឲ្យក្រុមការងារធ្វើការជួសជុលផ្លូវនេះឡើងវិញ ។ ផ្លូវនេះរាជរដ្ឋាភិបាល បានធ្វើការសាងសង់ និងចាក់កៅស៊ូរួចម្តងមកហើយ កាលពីឆ្នាំ ២០០០ កន្លងទៅ តែដោយផ្លូវនេះមានចរាចរមមាញឹក និងមានការដឹកជញ្ជូនច្រើន បានធ្វើឲ្យផ្លូវនេះ រងនូវការខូចខាតជាបណ្តើរ ។ តាមការគ្រោងទុក ការជួសជុលផ្លូវនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខ ៕