ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក Vu Quang Minhឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ លោកអគ្គរដ្ឋទូត បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជោគជ័យត្រចះត្រចង់របស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលបានបញ្ចប់ទៅកាលពីម្សិលមិញ។ ទន្ទឹមនឹងនេះ លោក Vu Quang Minh បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកអគ្គលេខាបក្ស លោកប្រធានរដ្ឋ លោកនាយរដ្ឋមន្រ្តី និង លោកស្រីប្រធានរដ្ឋសភាវៀតណាម ផ្ញើជូនសម្តេចតេជោផងដែរ។ លោក Vu Quang Minh បានជម្រាបជូនសម្ដេចតេជោ បេសកកម្មកាទូតរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តអោយអស់ពីសមត្ថភាពលទ្ធភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត។
លោក Vu Quang Minh ប្ដេជ្ញាថានឹងអនុវត្តតាមអនុសាសន៍ទាំងឡាយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសូមគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណាបំពេញបេសកកម្មរបស់លោកនៅកម្ពុជាឲ្យបានទទួលជោគជ័យ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរ ជូនចំពោះ លោក Vu Quang Minh ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និង បានថ្លែងអំណរគុណចំពោះការសួរសុខទុក្ខពីថ្នាក់ដឹកនាំ របស់វៀតណាមរួមទាំងការសំដែងនូវការអបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាត របស់គណបក្សប្រជាជនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើ លោក Vu Quang Minh ដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរអោយកើនឡើងថែមទៀត និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជំរុញការកសាងនិង អភិវឌ្ឍន៍នៅតាមព្រំដែនដើម្បីប្រជាជាតិ នៃប្រទេសទាំងពីរអាចប្រកបរបរទទួលទានកាន់តែងាយស្រួលដោយសុខដមនីយកម្ម៕
ដោយ៖ សិលា