ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់ម្នាក់បានលង់ទឹកស្ទឹងធំពោធិ៍សាត់ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈក្មេងរងគ្រោះចុះរាវលៀស ខ្ចៅ កន្លែងទឹករាក់តែត្រូវទឹកហូរគួចចូលអន្លង់ជ្រៅ ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចស្ទឹងធំពោធិ៍សាត់ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា ក្មេងស្រីជំទង់រងគ្រោះត្រូវបានគេស្គាល់ឈ្មោះ តឹង ស្វិត អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ នគរបាលបន្ដថា ក្រោយសមត្ថកិច្ចចុះស្រាវជ្រាវធ្វើកោសល្យវិច្ច័យយ៉ាងម៉ត់ចត់រួចមក ឃើញថាក្មេងស្រីជំទង់រងគ្រោះខាងលើបានចុះរាវលាស ខ្ចៅ ដូចសព្វដង ហើយដឹងថាខ្លួនមិនចេះហែលទឹកទើបរាវកន្លែងទឹករាក់ៗ ប៉ុន្ដែជាអកុសលត្រូវបានទឹកហូរគួចរអិលធ្លាក់ចូលអន្លង់ជ្រៅបណ្ដាលលង់ស្លាប់តែម្ដង សមត្ថកិច្ចក៏បានប្រគល់សាកសពឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។
នគរបាលបន្ដទៀតថា នេះឃើញថាដោយសារតែការធ្វេប្រហេសដោយខ្លួនឯង ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមបណ្ដោយមាត់ស្ទឹង មេត្ដាប្រុងប្រយ័ត្នជានិច្ច ព្រោះទឹកស្ទឹងវាឡើងលឿនខណៈមានភ្លៀងធ្លាក់ម្ដងៗ ៕
ដោយ៖ ប៉ឹម ពិន