គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែគ្រោះ ថ្នាក់គំរាមកំហែងពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្នដដែល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១៨ ក្នុងពិធីបិទវគ្គហ្វឹក ហ្វឺនក្រុមERWI លោក ស៊ី បាតាគីយូ ប្រធានអង្គការ JMAS ជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា គ្រោះថ្នាក់ដែលទាក់ទងទៅនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់ មីន នៅតែបន្តបង្កគ្រោះថ្នាក់មកលើពល រដ្ឋកម្ពុជាដដែល ខណៈរាជរដ្ឋាភិបាល កម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងលើបញ្ហាសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើទឹកដីរបស់ខ្លួន ។

បញ្ហា នេះហើយដែលលោកប្រធានអង្គការ JMAS ជប៉ុន បានសំណូមពរដល់បុគ្គលិកស៊ីម៉ាក់ទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើប្រតិបត្តិការរបស់ខ្លួន នៅពេលចុះបំពេញបេសកកម្មជូនជាតិមាតុភូមិ និងប្រជាពល រដ្ឋកម្ពុជា។
លោក ស៊ី បាតាគីយូ បានបន្តថា អង្គ ការJMAS ជប៉ុន បានសហការល្អជាមួយ CMACកម្ពុជាដើម្បីបន្តសកម្មភាពមនុស្ស ធម៌លើទឹកដីកម្ពុជា ។ ដូចអ្នកបានដឹង ហើយថា អង្គការបានសហការបណ្តុះ បណ្តាលហ្វឹកហ្វឺនដល់សិក្ខាកាមCMAC កម្ពុជាបានជាច្រើនរូប និងទទួលបានលទ្ធ ផលល្អប្រសើរ ហើយវគ្គបណ្តុះបណ្តាល REWI គឺជាវគ្គដែលទើបបង្កើតឡើង មិនត្រឹមតែជាការហ្វឹកហ្វឺនផ្តោតទៅលើបច្ចេកទេសEODប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវការហ្វឹកហ្វឺនពហុជំនាញ ដូចជាការស្រាវ ជ្រាវមូលដ្ឋានការកាត់បន្ថយផ្ទៃដីបោស សំអាតមីនការអប់រំហានិភ័យអំពីមីនបង្ហាត់សិក្ខាកាមទាំងអស់ឲ្យបង្កើនសមត្ថភាព និងមានប្រសិទ្ធភាពខ្ពស់ ។

ការហ្វឹកហ្វឺននារយៈពេល២ឆ្នាំកន្លងមកនេះ ជាកិច្ច សហប្រតិបតិ្តការ បង្រៀនពីលោកគ្រូ CMAC យ៉ាងយកចិត្តទុកដាក់ផ្តល់ចំណេះដឹងពិតដល់សិក្ខាកាមកម្ពុជា ដើម្បីពួកគេយកចំណេះជំនាញទាំងនោះទៅបោស សម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសម្រាប់ ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ និងសង្គមជាតិ ។ ដូចនេះហើយ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបច្ចេកទេសដែលបានរៀនសូត្រកន្លងមក ជាពិសេសក្នុងពេលចុះប្រតិបតិ្តការបោសសម្អាតមីននៅគ្រប់តំបន់គ្រោះថ្នាក់ ។

លោក ឯក ប៉ូលីន ប្រធាននាយកដ្ឋានកណ្តាលស៊ីម៉ាក់បានថ្លែងថា តាមរយៈវគ្គ ហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់បានរៀនអំពីការទទួលព័ត៌មានពីប្រជាជនក្នុងតំបន់ ការប្រមូល ការវិភាគព័ត៌មានអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់​មីន ដោយផ្អែកលើ របាយការណ៍ទាំងនោះ ហើយត្រូវឆ្លើយតប ភ្លាមៗ ដើម្បីយកកាកសំណល់ជាតិផ្ទុះ សល់​ពីសង្គ្រាមពីក្នុងតំបន់កំពុងប្រតិបត្តិការមកបំផ្លាញចោល។ គន្លឹះជាចំណុច សំខាន់នោះ គឺទំនាក់ទំនងល្អប្រកបដោយភាពស្និទ្ធស្នាលរវាងសិក្ខាកាមស៊ីម៉ាក់ និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យពួកគាត់ មានជំនឿចិត្តមកលើអង្គភាពស៊ីម៉ាក់ និងផ្តល់ការអប់រំណែនាំប្រជាពលរដ្ឋពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន។ សកម្មភាពមនុស្សធម៌នេះ បានរួមចំណែកផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ នាំឲ្យពួក គាត់មានក្តីសប្បាយរីករាយ នៅពេលពួក គាត់ដឹងថា ការរស់នៅរបស់ពួកគាត់ គឺពុំមានការគំរាមកំហែងពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនទៀត។

ដោយឡែកលោក អ៊ុំ សុជាតិ ប្រធាន វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ដើម្បីធានាបាន គុណភាព និងប្រសិទ្ធភាពការងារអង្គការ JMAS និងCMAC បានសហការគ្នាចុះអនុវត្តទីវាលជាក់ស្តែងតាមបណ្តាចម្ការមីន។ លទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៧កន្លង មករួមមានសម្អាតផ្ទៃដីបានជាង៧ម៉ឺនម៉ែត្រ​ការ៉េ, ដោះគ្រាប់មីនបាន៥២៨គ្រាប់, គ្រាប់មិនទាន់ផ្ទុះជាង២ម៉ឺនគ្រាប់, ចុះអប់រំផ្សព្វ ផ្សាយចំណេះដឹងអំពីមីនដល់ពលរដ្ឋបានជិត១ម៉ឺននាក់, បានសហការ និងអប់រំដល់ សិស្សានុសិស្ស តាមសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យា​ល័យ និងខេត្តមួយចំនួនមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងទទួល បានលទ្ធផលល្អប្រសើរ។

ក្នុងនាមប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង លោកបាន សំណូមពរសិក្ខាកាមទាំងអស់យកចំណេះដឹងទាំងនេះទៅប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈក្រមសីលធម៌ និងភាពស្និទ្ធស្នាល ដើម្បី សុវត្ថិភាពមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print