ខេត្តបន្ទាយមានជ័យ៖ បុរសសង្ស័យម្នាក់ញៀនថ្នាំត្រូវបាននគរបាលក្រុងសិរីសោភ័ណបង្ក្រាបចាប់ឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ក្រោយពីជននោះនិងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាពគាស់កុដិលោកសង្ឃនៅវត្តតាហី លួចយកទូរស័ព្ទដៃ២គ្រឿងនិងប្រាក់មួយចំនួនយកទៅលក់ទិញថ្នាំញៀនជក់ ខណៈដែលម្ចាសទូរស័ព្ទជាព្រះសង្ឃជាប់រវល់នៅធ្វើបុណ្យក្នុងវត្ត។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែត្រ ភិរុណ អាយុ២៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះជនសង្ស័យក្បែរវត្តតាហីតែម្តងស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី អ៊ិត នៀត អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលក្រុងសិរីសោភ័ណ ប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ម្ចាស់ទូរស័ព្ទជាព្រះសង្ឃបានបាត់ទូរស័ព្ទដៃ២គ្រឿង ម៉ាកសាំសុង១គ្រឿង ម៉ាកណូគា១គ្រឿង និងប្រាក់ចំនួន៣០ម៉ឺនរៀល ដែលបាត់ក្នុងកុដិលេខ៧ ។ ក្រោយពីព្រះសង្ឃម្ចាស់ទូរស័ព្ទមកពីធ្វើបុណ្យវិញ ចូលក្នុងកុដិស្រាប់តែឃើញទ្វារកុដិរបើកទ្វារត្រូវបានគេគាស់ចូល ។ នៅពេលនោះព្រះសង្ឃអង្គនោះចូលទៅមើលទូរស័ព្ទទាំង២គ្រឿងនិងប្រាក់៣០ម៉ឺនរៀល ក៏ត្រូវបានចោរលួចទៅបាត់ ទើបមានការផ្អើលឆោឡោពេញក្នុងវត្ត។
លោកអធិការរងបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីបាត់ទូរស័ព្ទនិងប្រាក់ទាំងនោះរួចមក ព្រះសង្ឃម្ចាស់ទូរស័ព្ទ ក៏បានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។ លោកក៏បានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់កំណត់បានមុខសញ្ញាហើយធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាន១នាក់ចំណែកបក្ខពួកគេម្នាក់ទៀតរត់គេចខ្លួនបាត់។នៅពេលឃាត់ ខ្លួនជនសង្ស័យឈ្មោះ ម៉ែត្រ ភិរុណ បានហើយ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថាពិត ចូលលួចទូរស័ព្ទនិងប្រាក់របស់ព្រះសង្ឃនោះមែន ប្រាក់និងទូរស័ព្ទដៃទាំង២គ្រឿង គេនិង ពួកម៉ាកម្នាក់ទៀតលក់យកផឹកស៊ីនិងទិញថ្នាំញៀនជក់អស់នោះហើយ។ ករណីនេះ សមត្ថកិច្ច កំពុងតែបន្តតាមដានស្រាវជ្រាវស្វែងរកចាប់ឃាត់បក្ខពួកគេម្នាក់ទៀតដើម្បីយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់បន្ថែមទៀត ៕
ដោយ៖ សំ វិច្ឆិកា